(ហុងកុង)៖ ព្យុះទីហ្វុង Mangkhut បានបង្កឲ្យមានការបាក់ដីនៅខេត្ត ក្វាងទុង នៃភាគខាងត្បូងប្រទេសចិន គិតត្រឹមវេលាម៉ោង ៥៖២០នាទី (ម៉ោងនៅទីក្រុងប៉េកាំង) ខណៈល្បឿនខ្យល់បានឡើងដល់ទៅ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Star Tribune នាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ព្យុះទីហ្វុងនេះបានវាយសង្គ្រប់មកលើតំបន់ឆ្នេរភាគអាគ្នេយ៍ និងខាងត្បូងប្រទេសចិន ខណៈទីក្រុង ហុងកុង ម៉ាកាវ ខេត្តក្វាងទុង និងហាយណាំជាដើម បានចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់បំផុត តាំងតែពីព្រឹកថ្ងៃអាទិត្យនេះមកម្ល៉េះ ដោយអាជ្ញាធរបានបញ្ជាឲ្យបិទសាលារៀន និងអគារសាធារណមួយចំនួនដើម្បីសុវត្ថិភាព។
ដោយឡែកនៅទីក្រុងប៉េកាំងឯណោះវិញ បានចេញសេចក្តីព្រមានកម្រិតខ្ពស់ពណ៌ក្រហម ដើម្បីឲ្យប្រជាជនក្នុងតំបន់រងគ្រោះមានការប្រុងប្រយ័ត្ន។ នៅបណ្តាខេត្ត និងទីក្រុងភាគអាគ្នេយ៍ ព្រមទាំងភាគខាងត្បូង មនុស្សរាប់សែននាក់ត្រូវបានគេរាយការណ៍ថា កំពុងរងគ្រោះ ហើយផ្លូវដែកល្បឿនលឿន ក៏ត្រូវបានផ្អាកដំណើររួចរាល់ហើយដែរ។
គួរបញ្ជាក់ថា ព្យុះទីហ្វុងខាងលើនេះបានបង្កឲ្យប្រជាជនហ្វីលីពីនសរុប ២៥នាក់ បានស្លាប់ ខណៈនៅប្រទេសចិនវិញ គឺមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះនោះឡើយ ដោយមានតែអះអាងថា បំណាក់ដីបានកើតមានឡើងនៅក្នុងខេត្តក្វាងទុងប៉ុណ្ណោះ៕