(វ៉ាស៊ីនតោន)៖ មនុស្សសរុប​១១នាក់ហើយបានស្លាប់ ដោយសារតែ​ព្យុះហឺរីខិន Florence ដែលបាននិង​កំពុងវាយប្រហារ​បណ្តារដ្ឋ ស្ថិតនៅតំបន់ឆ្នេរភាគខាងកើត​សហរដ្ឋអាមេរិក ខណៈអាជ្ញាធរ​អះអាងថា ភ្លៀងលាយឡំជាមួយ​ខ្យល់បោកបក់​យ៉ាងសន្ធប់ កំពុងតែ​អុកឡុក​ពាសពេញក្នុង​តំបន់នេះតែម្តង។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។

ព្យុះហឺរីខិន Florence ដែលត្រូវបានចាត់​ចូល​ក្នុងកម្រិត ១ នោះ បានមកដល់​តំបន់ឆ្នេរ​ភាគខាងកើត​​​សហរដ្ឋអាមេរិក កាលពីព្រឹក​ថ្ងៃសុក្រ (ម៉ោងនៅទីក្រុង​វ៉ាស៊ីនតោន) ហើយ​បន្ទាប់មកក៏បានថយឥទ្ធិពល​មកត្រឹមព្យុះត្រូពិចវិញ ដែលបានបង្កការ​បំផ្លិចបំផ្លាញ​យ៉ាងដំណំ នៅរដ្ឋចំនួន​ពីរគឺ North Carolina និង South Carolina ដូចជាការ​បាក់ដើមឈើ អគារ-លំនៅឋាន​បាក់រលំ ប្រជាជនជាច្រើនត្រូវ​ជាប់គាំង និងអគារ-លំនៅឋាន​ជាច្រើនខ្នង​គ្មានអគ្គិសនីប្រើប្រាស់​នោះឡើយ មកទល់នឹង​ថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា ព្យុះកំណាច Florence បានបង្ខំឲ្យមនុស្សរាប់ម៉ឺន​នាក់ជម្លៀសទៅរកកន្លែង​មានសុវត្ថិភាព ខណៈលំនៅឋាន​សរុបក៏ជាង ១លានខ្នងដាច់គ្មាន​អគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់យ៉ាងសន្ធប់​នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះ​ទឹកជំនន់ និងការរអិលបាក់​ដី​នៅតាមតំបន់មួយ​ចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។

បន្ថែមពីនេះទៀត​ បណ្តារដ្ឋមួយចំនួនដូចជា Georgia, South Carolina, North Carolina, Virginia និង Maryland, ក៏ដូចជា​រដ្ឋធានី Washington D.C. ផងដែរប្រកាស​ដាក់រដ្ឋក្នុងគ្រា​អាសន្ន ដោយសារតែព្យុះ​ហឺរីខិនកំណាច Florence នេះ៕