(ម៉ានីល)៖ ព្យុះទីហ្វុង Mangkhat ដ៏មានឥទ្ធិពលខ្លាំងក្លានោះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដ៏ហេដ្ឋារចនាសម្ព័ន្ធជារួម នៅចុងកោះធំ Luzon នៃភាគខាងជើងប្រទេសហ្វីលីពីន ខណៈចំនួនមនុស្សស្លាប់គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងម៉ានីល) គឺមានរហូតដល់២៥នាក់ និង០២នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ទីប្រឹក្សានយោបាយនៃប្រធានាធិបតីហ្វីលីពីន គឺលោក Francis Tolentino បានថ្លែងតាមកិច្ចសម្ភាសន៍វិទ្យុមួយថា ក្នុងចំណោមមនុស្សស្លាប់ទាំង ២៥នាក់នោះ គឺ ២០នាក់រស់នៅក្នុងតំបន់រដ្ឋបាល CAR និង ០៤នាក់ទៀតនៅខេត្ត Nueva Vizcaya និងម្នាក់រស់នៅខេត្ត Ilocos នៃភាគខាងជើងប្រទេសហ្វីលីពីន។ ប្រជាជនហ្វីលីពីនយ៉ាងហោចណាស់ ២៥០,០០០នាក់ បានទទួលរងផលប៉ះពាល់ពីព្យុះមាំងឃុត។
គួរបញ្ជាក់ថា Mangkhut គឺជាព្យុះខ្លាំងក្លាទី ១៥ ហើយដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយវាបច្ចុប្បន្នកម្លាំងរបស់វាកំពុងស្ថិតនៅក្នុងសភាពខ្លាំងក្លា សំដៅទៅវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិត្តដូចជា ខេត្តហាយណាំ ក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ដោយបណ្តាតំបន់នេះ បានចេញសេចក្តីប្រកាសអាសន្នកម្រិតកំពូលតែម្តង កាលពីព្រឹកថ្ងៃអាទិត្យនេះ ខណៈព្យុះមាំងឃុត បានបង្កើនល្បឿនដល់ ១១៨គីឡូម៉ែត្រក្នុងមួយម៉ោង៕