(អង់ការ៉ា)៖ ទីបំផុតកងទ័ព និងសព្វាវុធតួកគីក្នុងទ្រង់ទ្រាយធំ ត្រូវបានដាក់ពង្រាយជាស្រេចក្នុងតំបន់យុទ្ធសាស្ត្ររបស់ខ្លួន នៅខេត្តអ៊ីដលីប (Idlib) របស់ប្រទេសស៊ីរី ខណៈដែលសង្គ្រាមទ្រង់ទ្រាយធំត្រូវបានគេព្យាករណ៍ថា អាចនឹងផ្ទុះឡើងនៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
ខេត្ត Idlib បច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុងគោលដៅវាយប្រហារចុងក្រោយ ពីសំណាក់រដ្ឋាភិបាលស៊ីរី ដើម្បីក្រសោបយកតំបន់ដ៏រឹងមាំបំផុតចុងក្រោយ នៃក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលជាង ៧ឆ្នាំមកនេះ ត្រឡប់មកគ្រប់គ្រងដោយទីក្រុងដាម៉ាស់វិញ។ ក្រុមឧទ្ទាមស៊ីរីត្រូវបានគេដឹងថា ទទួលការគាំពារ និងបំពាក់បំប៉នដោយសហរដ្ឋអាមេរិក ហើយកន្លងមកនេះ អគ្គលេខាធិការ UN ក៏ធ្លាប់បានអំពាវនាវកុំឲ្យបង្កសង្គ្រាមទ្រង់ទ្រាយធំ នៅក្នុងខេត្តនេះផងដែរ ព្រោះវានឹងបណ្តាលឲ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត ព្រមទាំងបង្កជាវិនាសកម្មធំធេងបំផុត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដ្ឋាភិបាលតួកគី ក៏បានបង្ហាញជំហរមិនខុសអំពី UN នោះដែរ ដោយខ្លួនអះអាងថា ការបញ្ជូនទ័ព និងសព្វាវុធយ៉ាងច្រើនមកខេត្ត Idlib ពេលនេះ គឺដើម្បីត្រៀមការពារជនស៊ីវិលស៊ីរី ដែលនឹងរងគ្រោះដោយសារសង្គ្រាម។ តួកគីអះអាងថា ខ្លួនកំពុងតែធ្វើការងារជាមួយរុស្ស៊ី អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តដទៃៗទៀត ដើម្បីបញ្ឈប់សោកនាដកម្មមនុស្សជាតិ នៅក្នុងទឹកដីស៊ីរី៕