(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សយ៉ាងហោចណាស់០៥នាក់បានស្លាប់ ខណៈព្យុះហឺរីខិន ហ្វ្លរែន (Hurricane Florence) កំពុងវាយប្រហារលើតំបន់ ឆ្នេរនៃភាគខាងកើតសហរដ្ឋអាមេរិក ដោយបណ្ដាលឱ្យផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងមនុស្សច្រើនជាង០១លាននាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន៕
២៖ ឧទ្យានជាតិភ្នំភ្លើងនៃកោះហាវ៉ៃ ដែលស្ថិតនៅក្នុងដែនដីកោះនៃរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក នាកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក នោះ ទីបំផុតត្រូវបានបើកឲ្យដំណើរវិញហើយ បន្ទាប់ពីរយៈពេលបួនខែនៃការរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំឡើងដែលបានបង្ក វិនាសកម្មធំធេងកម្រមាន៕
៣៖ ឧទ្ធម្ភាគចក្រដឹកកងកម្លាំងសន្តិសុខមួយគ្រឿង បានធ្លាក់នៅឯភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានផ្ដាច់ជីវិតមនុស្សទាំងអស់នៅលើនោះ ០៥នាក់ ក្នុងនោះរួមមានទាំងពីឡុតផងដែរ៕
៤៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូ ធ្វើតេស្ដបាញ់សាកល្បង ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 យ៉ាងកក្រើកនៅក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ Vostok 2018 ដែលត្រូវបានក្រុមអ្នកជំនាញខ្លះចាត់ទុកថា ជាការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីសម័យសង្រ្គាមមក៕
៥៖ ប្រទេសចិន និងអាហ្រិ្វកខាងត្បូងកំពុងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការអវិឌ្ឍ តេឡេស្កូបប្រើរលកវិទ្យ (Radio Telescope) ដ៏ធំបំផុតមួយនៅលើពិភពលោក ដើម្បីជួយបកស្រាយពីប្រភពដើម និងការវិវត្តរបស់ចក្រវាឡយើងនេះ៕
៦៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានកត់សម្គាល់ថា ចិន និងវេណេស៊ុយអេឡាគួរតែពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជា ដៃគូយុទ្ធសាស្ត្រ ឱ្យដល់កម្រិតខ្ពស់បំផុតជាមួយការគាំទ្រយ៉ាងពេញទំហឹង ពីទីក្រុងប៉េកាំង ខណៈទីក្រុងការ៉ាកាស់កំពុងជួបវិបត្តិសេដ្ឋកិច្ច និងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក៕