(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាមនុស្ស៩៥០,០០០នាក់ ត្រូវបានគេរាយការណ៍ថាគ្មានអគ្គិសនី ប្រើប្រាស់ និង០៥នាក់ទៀតបានស្លាប់ ដោយសារតែព្យុះហឺរីខិន ហ្វ្លរែន (Hurricane Florence)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
បន្ថែមពីលើនេះ មនុស្ស១.៧លាននាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន បើទោះជាព្យុះ Hurricane Florence បានប្រែកាយទៅជា ព្យុះត្រូពិចមួយក៏ដោយ។ ប៉ុន្តែវានៅតែគំរាមកំហែងដល់អាយុជីវិតមនុស្ស ជាមួយកម្លាំងខ្យល់បក់១១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមិនតែប៉ុណ្ណោះ ល្បឿនខ្យល់បក់នេះក៏ត្រូវបានគេព្យាករដែរថាអាចនឹងមានឥទ្ធិពលជាច្រើនថ្ងៃ។
គួរជម្រាបថា ព្យុះ Hurricane Florence កំពុងវាយប្រហារលើរដ្ឋណតស៍ ខារ៉ូលីណា (North Carolina) និងរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) ហើយវាក៏បានបង្កជាទឹកជំនន់ទៀតផង។ ចំណែកឯអ្នកស្លាប់ទាំង ០៥នាក់ខាងលើត្រូវបាន គេរាយការណ៍នៅក្នុងរដ្ឋណតស៍ ខារ៉ូលីណា (North Carolina)៕