(កាប៊ុល)៖ ឧទ្ធម្ភាគចក្រដឹកកងកម្លាំងសន្តិសុខមួយគ្រឿង បានធ្លាក់នៅឯភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានផ្ដាច់ជីវិតមនុស្សទាំងអស់នៅលើនោះ ០៥នាក់ ក្នុងនោះរួមមានទាំងពីឡុតផងដែរ។ នេះបើតាមមន្ត្រីអាហ្វហ្កានីស្ថានដកស្រង់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីអ្នកនាំពាក្យអភិបាលខេត្ត ហ្វារ៉ាហ៍ (Farah) បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្រដឹកកងកម្លាំងសន្តិសុខមួយគ្រឿងខាងលើ បានធ្លាក់ដោយសារបញ្ហាបច្ចេកទេស ជាជាងត្រូវបានបាញ់ទម្លាក់ដោយក្រុមសកម្មប្រយុទ្ធ។ ប៉ុន្តែការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីកំណត់ពីមូលហេតុធ្លាក់។
គួរបញ្ជាក់ថា ជនរងគ្រោះនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រខាងលើ គឺជាកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានទាំងអស់៕