(ម៉ានីល)៖ ព្យុះទីហ្វុង មាំងឃុត (Mangkhut) បានវាយប្រហារតំបន់ឆ្នេរភាគខាងជើងប្រទេសហ្វីលីពីនហើយ នៅថ្ងៃសៅរនេះ ដោយបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងបង្កឱ្យចរន្តអគ្គិសនី និងប្រព័ន្ធទំនាក់ទំនងមួយចំនួនត្រូវបានកាត់ផ្ដាច់ផងដែរ។ នេះបើតាមទីភ្នាក់ងារ សារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ អាជ្ញាធរហ្វីលីពីនបានជម្លៀសប្រជាជនរាប់ពាន់នាក់រស់នៅតាមបណ្ដោយឆ្នេរ ទៅរកកន្លែងមានសុវត្ថិភាព។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ។ ព្យុះទីហ្វុង Mangkhut ដែលបក់បោក ក្នុងល្បឿនខ្យល់អតិបរមា ២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង បានមកដល់តំបន់ឆ្នេរភាគខាងជើងនៃកោះ Luzon ប្រទេសហ្វីលីពីននៅថ្ងៃសៅរ៍នេះ ហើយវានឹងក្លាយជាព្យុះដ៏មានឥទ្ធិពលទី ១៥ ដែលបានវាយប្រហារលើប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០១៨នេះ។
គួរជម្រាបថា បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះទីហ្វុង Mangkhut អាចនឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់តំបន់សមុទ្រចិនខាងត្បូង និងប្រទេសវៀតណាម៕