(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់ ខណៈព្យុះហឺរីខិន ហ្វ្លរែន (Hurricane Florence) កំពុងវាយប្រហារ លើតំបន់ឆ្នេរនៃភាគខាងកើតសហរដ្ឋអាមេរិក ដោយបណ្ដាលឱ្យផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងមនុស្សច្រើនជាង ០១លាននាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមមជ្ឈមណ្ឌលព្យុះ Hurricane អាមេរិក ព្យុះ Hurricane Florence បានប្រែកាយទៅជាព្យុះត្រូពិចមួយ ប៉ុន្តែវានៅតែគំរាមកំហែងដល់អាយុជីវិតមនុស្ស ជាមួយកម្លាំងខ្យល់បក់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ ល្បឿនខ្យល់បក់នេះក៏ ត្រូវបានគេព្យាករផងដែរថាអាចនឹងមានឥទ្ធិពលជាច្រើនថ្ងៃ។
គួរជម្រាបថា ព្យុះ Hurricane Florence កំពុងវាយប្រហារលើរដ្ឋណតស៍ ខារ៉ូលីណា (North Carolina) និងរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) ហើយវាក៏បានបង្កជាទឹកជំនន់ទៀតផង ស្របពេលមនុស្ស ១.៧លាននាក់ ត្រូវបង្គាប់ឱ្យជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។ ចំណែកឯអ្នកស្លាប់ទាំង ០៥នាក់ខាងលើត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋណតស៍ ខារ៉ូលីណា (North Carolina)៕