(ប៉េកាំង)៖ ប្រទេសចិន និងអាហ្រិ្វកខាងត្បូងកំពុងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការអវិឌ្ឍ តេឡេស្កូបប្រើរលកវិទ្យ (Radio Telescope) ដ៏ធំបំផុតមួយនៅលើពិភពលោក ដើម្បីជួយបកស្រាយពីប្រភពដើម និងការវិវត្តរបស់ចក្រវាឡយើងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
ប្រព័ន្ធតេឡេស្កូបដែលហៅកាត់ថា SKA នឹងប្រមូលសញ្ញានានាដែលទទួលបាន តាមរយៈអង់តែនតូចៗជាច្រើន គ្រប់ដណ្ដប់ក្នុងរយៈចំងាយ ៣,០០០ គីឡូម៉ែត្រ នៅលើផ្ទៃដីមួយគីឡូម៉ែត្រក្រឡា។ អង់តែនទាំងនេះនឹងត្រូវបានកសាងឡើងនៅឯ អឌ្ឍគោលខាងត្បូងនៃភពផែនដី ជាមួយស្នូលកណ្ដាលនៅក្នុងប្រទេសអូស្ត្រាលី និងអាហ្រ្វិកខាងត្បូងជាទីដែលការអង្កេត Milky Way galaxy មានលក្ខណៈល្អប្រសើរ និងមានការឥទ្ធិពលវិទ្យុតិចតួច។
បន្ថែមពីលើនេះ SKA នឹងចាប់រលកវិទ្យុពីលំហអាកាសស្រទាប់ជ្រៅ ជាមួយសមត្ថភាពខ្លាំងជាង ៥០ដង បើធៀបទៅនឹងឧបករណ៍វិទ្យុដទៃ។ ការចាប់សញ្ញានេះពិតជាមានភាពចាំបាច់ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការវិភាគអំពីទិន្នន័យទាំងអស់ និងស្វែងយល់បន្ថែមអំពីការកកើតនៃកាឡាក់ស៊ី នៅក្នុងចក្រវាឡដែលគ្មានព្រំដែនកំណត់ច្បាស់លាស់នេះ។
គួរបញ្ជាក់ថា Telescope Meerkat ដែលទំនើបជាងគេរបស់អាហ្វ្រិក ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែកក្កដា ឆ្នាំ២០១៨ ហើយវានឹងត្រូវបញ្ចូលទៅក្នុងគំរោង SKA នៅក្នុងដំណាក់កាលទីមួយនៅឆ្នាំ២០២០។ សម្រាប់ប្រទេសចិនវិញត្រូវបានគ្រប់គ្នាទទួលស្គាល់ថា មានភាពនាំមុនក្នុងការច្នៃ និងផលិតបន្ទះស្រូបសញ្ញា (អង់តែន) ដែលមានមុខកាត់ ១៥ម៉ែត្រ ហើយប្រការនេះពិតជាចាំបាច់ណាស់សម្រាប់គំរោង SKA ទាំងមូល៕