(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានកត់សម្គាល់ថា ចិន និងវេណេស៊ុយអេឡាគួរតែពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យដល់កម្រិតខ្ពស់បំផុតជាមួយការគាំទ្រយ៉ាងពេញទំហឹង ពីទីក្រុងប៉េកាំង ខណៈទីក្រុងការ៉ាកាស់កំពុងជួបវិបត្តិសេដ្ឋកិច្ច និងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ស៊ី ធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងបំពេញដំណើរទស្សនកិច្ច នៅក្នុងទីក្រុងប៉េកាំងចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យ។ លើសពីនេះទៅទៀត លោក ស៊ី ក៏បានសន្យាដែរថា ចិននឹងបន្តគាំទ្រវេណេស៊ុយអេឡា ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ និងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងប្រទេស។
គួរជម្រាបថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងនៅចំពេលរដ្ឋាភិបាលរបស់លោកកំពុងជួបវិបត្តិសេដ្ឋកិច្ច និងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។ មួយវិញទៀត អ្នកជំនាញខ្លះក៏មើលឃើញដែរថា លោក ម៉ាឌូរ៉ូ កំពុងព្យាយាមស្វែងការគាំទ្រព្រមទាំងជំនួយហិរញ្ញវត្ថុពីមហាយក្សចិន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។
ជាក់ស្ដែងកាលពីខែកក្កដាកន្លងទៅ ក្រសួងហិរញ្ញវត្ថុវេណេស៊ុយអេឡាបាននិយាយថា ខ្លួនអាចនឹងទទួលបានជំនួយ ២៥០លាន ដុល្លារពីធនាគារអភិវឌ្ឍន៍ចិន ដើម្បីដោះស្រាយបញ្ហាប្រេងធ្លាក់ថ្លៃ។ វេណេស៊ុយអេឡាក៏ធ្លាប់បានយល់ព្រមទទួលជំនួយក្រោមជាប្រាក់កម្ចី ០៥ពាន់លានដុល្លារពីចិនផងដែរ តែមិនទាន់ទទួលបានគ្រប់ចំនួននៅឡើយទេ៕