(អាមេរិក)៖ នាយកប្រតិបត្តិ ក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនរបស់លោក នឹងបរិច្ចាគថវិកាចំនួន១លានដុល្លារអាមេរិក ទៅកាន់កាកបាទក្រហម នៅក្នុងស្ថានភាព ដែលព្យុះសង្ឃរា Florence កំពុងវាយប្រហារ លើតំបន់ឆ្នេរ នៃភាគខាងកើត សហរដ្ឋអាមេរិក, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៤ ខែកញ្ញានេះ។
លោក Tim Cook បានបង្ហោះនៅលើ Twitter របស់លោកថា «ប្រជាជននៅរដ្ឋ Carolina គឺស្ថិតនៅក្នុងចិត្តរបស់យើង, សូមឲ្យអ្នកទាំងអស់គ្នា មានសុវត្ថិភាព ហើយដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ ក្រុមហ៊ុន Apple នឹងបរិច្ចាគប្រាក់១លានដុល្លារអាមេរិក ទៅកាន់កាកបាទក្រហម»។
សូមជម្រាបថា ព្យុះសង្ឈរា Florence កំពុងធ្វើដំណើរសំដៅមកតំបន់ដីគោក ជាមួយកម្លាំងខ្យល់បក់អតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកឯភាគច្រើននៃផ្ទះ ដែលគ្មានអគ្គិសនីប្រើប្រាស់ គឺស្ថិតនៅក្នុងរដ្ឋ North Carolina និងរដ្ឋ South Carolina។ ទន្ទឹមគ្នានោះ ក្រុមមន្ត្រីអាមេរិក ក៏បានព្រមានផងដែរថា គ្រោះមហន្តរាយទឹកជំនន់ អាចនឹងផ្ដាច់យកជីវិតមនុស្សជាច្រើននាក់៕