(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក យូរី បូរីសូវ (Yury Borisov) បានអះអាងថា រដ្ឋាភិបាលតួកគីនៅតែរក្សាគំរោងទិញប្រព័ន្ធ មីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីដដែល បើទោះជាមានការគំរាមដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកក៏ដោយ៕
២៖ កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ នៅសប្ដាហ៍ក្រោយនេះ នឹងក្លាយជាការធ្វើតេស្ដមួយថា តើប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន អាចដើរតួនាទីជាអ្នកសម្របសម្រួល និងដោះស្រាយភាពជាប់គាំងនៃកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងបានដែរ ឬក៏យ៉ាងណា៕
៣៖ ប្រភពពីសារព័ត៌មានតួកគីឲ្យដឹងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានបញ្ជាឲ្យបង្កើតវត្តមានយោធាប្រុងជើងការ នៅក្នុងមូលដ្ឋានរបស់ខ្លួនស្ថិតនៅខេត្តអ៊ីដលីប (Idlib របស់ប្រទេសស៊ីរី ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ខណៈការវាយប្រហារទ្រង់ទ្រាយធំដោយកងទ័ពរដ្ឋាភិបាលស៊ីរី អាចនឹងកើតឡើងក្នុងពេលឆាប់ៗ ដើម្បីក្រសោបយកខេត្តនេះមកគ្រប់គ្រងវិញ៕
៤៖ ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្ន មិនមែនភាពឥតខ្ចោះឡើយ ហើយចិនគាំទ្រឱ្យមានការធ្វើកំណែទម្រង់ថ្មីមួយ ក្នុងនោះរួមមានទាំងកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ផងដែរ។
៥៖ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានឲ្យដឹងថា ព្យុះត្រូពិកចំនួនពីរកំពុងតែសំដៅមកវាយប្រហារប្រទេសថៃនៅក្នុងថ្ងៃសុក្រនេះ ហើយឥទ្ធិពលរបស់វានឹងអូសបន្លាយដល់សប្តាហ៍ក្រោយ ដែលអាជ្ញាធរថៃបានចេញសេចក្តីព្រមានថា វានឹងបង្កជាភ្លៀងធ្លាក់ខ្លាំង ព្រមទាំងគ្រោះទឹកជំនន់ផងដែរ៕
៦៖ មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមអនុម័តហើយ លើការលក់អាវុធមានតម្លៃ ២.៦ពាន់លានដុល្លារឱ្យកូរ៉េខាងត្បូង ក្នុងនោះរួមមានទាំងយន្ដហោះស៊ើបការណ៍ P-8A Poseidon និងប្រព័ន្ធមីស៊ីលប្រឆាំង
មីស៊ីលបាលិស្ទីគ Patriot ផងដែរ៕