(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ផ្ទះរាប់ពាន់ខ្នងកំពុងគ្មានអគ្គិសនីប្រើប្រាស់ ហើយទឹកសមុទ្របានហក់ឡើងមកដល់ផ្លូវ នៅតាមបណ្ដោយឆ្នេរហើយ ខណៈព្យុះ ហឺរីខិន ហ្វ្លរែន (Hurricane Florence) កំពុងចាប់ផ្ដើមវាយប្រហារលើតំបន់ឆ្នេរ នៃភាគខាងកើតសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមមជ្ឈមណ្ឌលព្យុះ Hurricane អាមេរិក ព្យុះ Hurricane Florence កំពុងធ្វើដំណើរសំដៅមកតំបន់ដីគោក ជាមួយកម្លាំងខ្យល់បក់អតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកឯភាគច្រើនៃផ្ទះដែលគ្មានអគ្គិសនីប្រើប្រាស់ គឺស្ថិតនៅក្នុងរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) និងរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina)។ ក៏ប៉ុន្តែ ទន្ទឹមគ្នាក្រុមមន្ត្រីអាមេរិកក៏បានព្រមានផងដែរថា គ្រោះមហន្តរាយទឹកជំនន់ អាចនឹងផ្ដាច់យកជីវិតមនុស្សជាច្រើននាក់។
គួរបញ្ជាក់ថា ដើម្បីបញ្ជៀសគ្រោះថ្នាក់ កាលពីប៉ុន្មានថ្ងៃមុនអាជ្ញាធរអាមេរិក ក្នុងរដ្ឋ North Carolina និងរដ្ឋ South Carolina បានចេញបញ្ជាឱ្យមនុស្សជាង ០១លាននាក់ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលព្យុះ Florence នឹងវាយប្រហារលើតំបន់ដីគោកនៅល្ងាចថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)៕