(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក យូរី បូរីសូវ (Yury Borisov) បានអះអាងថា រដ្ឋាភិបាលតួកគីនៅតែរក្សាគំរោងទិញ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីដដែល បើទោះជាមានការគំរាមដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោក Yury Borisov ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រទេសតួកគី បានចាប់ផ្ដើមសាងសង់ទីតាំងសម្រាប់តម្លើង S-400 ហើយ។ លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើទោះជាមានការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ក៏តួកគីមិនបានបោះបង់ចោលគំរោងទិញ S-400 ពីរុស្ស៊ីនោះទេ... ដូច្នេះ ពួកគេអាចនឹងទទួលបានប្រព័ន្ធមីស៊ីលខែលការពារមីស៊ីលនេះ នៅឆ្នាំ២០១៩ ខាងមុខ»។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក ទីក្រុងអង់ការ៉ានឹងទទួលបាន S-400 ពីរុស្ស៊ីនៅឆ្នាំ២០១៩។ មិនតែប៉ុណ្ណោះតួកគីនឹងក្លាយជាប្រទេសតែមួយគត់ដែលប្រើប្រាស់ប្រព័ន្ធមីស៊ីលរុស្ស៊ី ក្នុងនាមខ្លួនជាសមាជិកអង្គការណាតូ ខណៈក្រុមអ្នកជំនាញខ្លះថា ការតម្លើងប្រព័ន្ធមីស៊ីល S-400 នៅលើទឹកដីតួកគី អាចនឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រយោធារបស់ណាតូ ជាពិសេសគឺផ្ដល់ភាពងាយ ស្រួលដល់ទីក្រុងម៉ូស្គូក្នុងការស៊ើបការណ៍ លើសកម្មភាពរបស់ណាតូផងដែរ៕