(ឡុងដ៍)៖ អតីតអ្នកនយោបាយអង់គ្លេស គឺលោក វីនស្តុន ម៉ាកខេនី (Winston Mckenzie) បាននិយាយថា គំរោងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) គឺនឹងធ្វើឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប បានត្រឹមតែឈ្មោះតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅក្នុងសប្ដាហ៍នេះ លោក Winston Mckenzie បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលនយោបាយចាកចេញពីសហភាពអឺរ៉ុបរបស់ លោកស្រី May កំពុងជួបបញ្ហាដោយសមាជិកសភា ៤៨រូប បង្ហាញការប្រឆាំងជំទាស់ ហើយនយោបាយបច្ចុប្បន្នទៀតសោត គឺនឹងធ្វើឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប បានត្រឹមតែឈ្មោះតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រី Brexit លោក ដូមីនិក រ៉ាអាប (Dominic Raab) នៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងឡុងដ៍) នឹងចេញផ្សាយពីកំណត់ហេតុបច្ចេកទេសជាលើកទី ២ ស្ដីពីការរៀបចំចាកចេញពីសហភាពអឺរ៉ុប ហើយវាកើតឡើងបន្ទាប់រដ្ឋភិបាលអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទដៃ នៅក្នុងចក្រភពអង់គ្លេស នៅក្នុងករណីដែលកិច្ចចរចក្នុងទីក្រុងព្រុចសែលបរាជ័យ៕