(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ នៅសប្ដាហ៍ក្រោយនេះ នឹងក្លាយជាការធ្វើតេស្ដមួយថា តើប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន អាចដើរតួនាទីជាអ្នកសម្របសម្រួល និងដោះស្រាយភាពជាប់គាំងនៃកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងបានដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក មូន ជែអ៊ីន នឹងត្រូវឆ្លងព្រំដែនចូលទឹកដីកូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ ក្នុងទីក្រុងព្យុងយ៉ាងជាមួយលោក គីម ជុងអ៊ុន ខណៈមានការសង្ស័យជាច្រើន ជុំវិញការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដែលជាវត្ថុបំណងមួយត្រូវបានសន្យាដោយលោក ដូណាល់ ត្រាំ និងលោក គីម ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា។
គួរជម្រាបថា បើតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានស្នើឱ្យលោក មូន ជាមេណ្ដើកស្ដារឡើងវិញនូវទំនាក់ទំនង ដែលកំពុងមានភាពមិនច្បាស់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ក្រោយលោក ត្រាំផ្ទាល់លុបចោលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក មកកាន់កូរ៉េខាងជើងកាលពីខែមុន។
លើសពីនេះទៅទៀត មន្ត្រីរូបនេះដដែលបានបញ្ជាក់ទៀតថា លោក មូន ក៏នឹងពិភាក្សាជាមួយលោក គីម ជុងអ៊ុន ផងដែរជុំវិញការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងការស្វែងរកសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)៕