(វ៉ាស៊ីនតោន)៖ ស្ថាបនិកក្រុមហ៊ុន Amazon និងជាម្ចាស់កម្មសិទ្ធិសារព័ត៌មាន The Washington Post លោក ចេហ្វ បេហ្សូស (Jeff Bezos) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ពាក្យសម្តីវាយប្រហាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើប្រព័ន្ធផ្សាយដោយចាត់ទុកថា វាគឺជារឿងគ្រោះថ្នាក់សម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក Jeff Bezos ធ្វើការកត់សម្គាល់បែបនេះ នៅឯវេទិការសេដ្ឋកិច្ចមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះបានលើកឡើងដូច្នេះថា «វាគឺជារឿងគ្រោះថ្នាក់ដែលចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយបង្កគ្រោះថ្នាក់... ហើយវាគឺជារឿងគ្រោះថ្នាក់ដែលចាត់ទុកថា សារព័ត៌មានគឺជាសត្រូវប្រជាជន ដ្បិតយើងរស់នៅក្នុងសង្គម ដែលមិនមែនពឹងផ្អែកតែទៅលើច្បាប់តែមួយមុខនោះទេ ពោលគឺត្រូវពឹងផ្អែកផងដែរលើបទដ្ឋានសង្គម ហើយដំណើរការនេះទៀតសោតអាចកើតឡើងទៅបាន ពីព្រោះយើងជឿជាក់លើពាក្យពេចន៍សរសេរលើទំព័រទស្សនាវដ្ដី (ប្រកបដោយវិជ្ជាជីវៈ)»។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលលោក Jeff Bezos រិះគន់លោក ដូណាល់ ត្រាំ ជាសាធារណៈសម្រាប់ការប្រកាន់ ឥរិយាបទប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយជាពិសេសគឺ The Washington Post តែម្ដង៕