(តួកគី)៖ ប្រភពពីសារព័ត៌មានតួកគីឲ្យដឹងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានបញ្ជាឲ្យបង្កើតវត្តមានយោធាប្រុងជើងការ នៅក្នុងមូលដ្ឋានរបស់ខ្លួនស្ថិតនៅខេត្តអ៊ីដលីប (Idlib របស់ប្រទេសស៊ីរី ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ខណៈការវាយប្រហារទ្រង់ទ្រាយធំដោយកងទ័ពរដ្ឋាភិបាលស៊ីរី អាចនឹងកើតឡើងក្នុងពេលឆាប់ៗ ដើម្បីក្រសោបយកខេត្តនេះមកគ្រប់គ្រងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាងលើនេះរដ្ឋមន្ត្រីការពារជាតិតួកគីលោក ហ៊ូលូស៊ី អាខារ (Hulusi Akar) ធ្លាប់បានព្រមានកន្លងរួចមកហើយថា តួកគីនឹងប្រើយោធាដើម្បីដោះស្រាយបញ្ហា ហើយពេលពេលកងកម្លាំងបន្ថែមទៀត ត្រូវបានទីក្រុងអង់ការ៉ាបញ្ជូនទៅកាន់ខេត្តអ៊ីដលីបរបស់ស៊ីរី ដែលស្ថិតនៅជាប់ព្រំដែនរបស់ខ្លួន។
ខេត្តអ៊ីដលីបនេះ គឺជាមូលដ្ឋានរឹងមាំចុងក្រោយហើយរបស់ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលបានធ្វើការប្រយុទ្ធតស៊ូក្នុងសង្គ្រាមរយៈពេល ០៨ឆ្នាំ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក បាសា អាល់ អាសាដ ក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប៉ុន្តែបច្ចុប្បន្ននេះកម្លាំងកំពុងតែថមទៅហើយ។
គួរបញ្ជាក់ថា ការបង្កើនយោធារបស់តួកគីនៅពេលនេះ គឺស្ថិតនៅក្រោមហេតុផលការពារជនស៊ីវិលពីការរងគ្រោះថ្នាក់ នៅពេលដែលរដ្ឋាភិបាលបើកការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីក្រសោបយកខេត្តអ៊ីដលីបនៅពេលខាងមុខ។ កន្លងមកនេះសហរដ្ឋអាមេរិក និងអគ្គលេខាធិការ UN បានព្រមាន ក៏ដូចជាអំពាវនាវផងដែរ មិនឲ្យស៊ីរីធ្វើការវាយប្រហារលើខេត្តភាគខាងជើងនេះឡើយ ព្រោះវានឹងបង្កវិនាសកម្មផ្នែកមនុស្សជាតិដោយសារសង្គ្រាមដ៏ធំធេងនេះ៕