(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមអនុម័តហើយ លើការលក់អាវុធមានតម្លៃ ២.៦ពាន់លានដុល្លារឱ្យកូរ៉េខាងត្បូង ក្នុងនោះរួមមានទាំងយន្ដហោះស៊ើបការណ៍ P-8A Poseidon និងប្រព័ន្ធមីស៊ីលប្រឆាំង
មីស៊ីលបាលិស្ទីគ Patriot ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ទីភ្នាក់ងារសហប្រតិបត្តិការការពារសន្តិសុខ
(DSCA) នៃមន្ទីរបញ្ចកោណ បានបញ្ជាក់ដែរថាយន្ដហោះ P-8A Poseidon ផលិតដោយក្រុមហ៊ុន Boeing ដែលមានសមត្ថភាព ក្នុងការតាមប្រមាញ់នាវាមុជទឹក ក៏ដូចជាដឹកនាំសកម្មភាពស៊ើបការណ៍សំងាត់នៅឯតំបន់សមុទ្រ នឹងមានតម្លៃរហូតដល់២.១ពាន់ លានដុល្លារ។ ចំណែកឯ ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលបាលិស្ទីគ Patriot ផលិតដោយក្រុមហ៊ុន Lockheed Martin Co នឹងមាន តម្លៃ៥០១លានដុល្លារ។
សូមជម្រាបថា កូរ៉េខាងត្បូងបានសម្រេចចិត្តទិញយន្ដហោះ P-8 Poseidon ០៦គ្រឿង និងប្រព័ន្ធមីស៊ីល Patriot ៦៤ គ្រឿង ពីសហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅ។ ប៉ុន្តែទន្ទឹមគ្នា DSCA ក៏បានអះអាងដែរថាការបណ្ដុះបណ្ដាល ការដឹកជញ្ជូន បរិក្ខាគំាទ្រ និងការផ្ដល់សេវាកម្មនានា អាចនឹងធ្វើឱ្យតម្លៃបច្ចុប្បន្នប្រែប្រួល៕