(សេអ៊ូល)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងបើកការិយាល័យទំនាក់ទំនងអន្តរកូរ៉េជាផ្លូវការនៅថ្ងៃសុក្រនេះ ជាមួយក្ដីសង្ឃឹមថា បងប្អូនកូរ៉េទាំងពីរអាចនឹងខិតកាន់តែជិតគ្នា ហើយវាក៏ជាសញ្ញាមួយដ៏ល្អផងដែរសម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅសប្ដាហ៍ក្រោយ នេះ។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា ពិធីសម្ពោធការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នឹងត្រូវធ្វើឡើងនៅឯទីក្រុង Kaesong នៃព្រំដែនកូរ៉េខាងជើង នៅម៉ោង១០៖៣០នាទីព្រឹកនេះ (ម៉ោងនៅក្នុងតំបន់) ដោយមានការចូលរួមពីមន្ត្រីកូរ៉េខាងត្បូង និងកូរ៉េខាងជើង៥០នាក់។ ក្រសួងដដែល បានបញ្ជាក់បន្ថែមដូច្នេះថា៖ «ការិយាល័យទំនាក់ទំនងអន្តរកូរ៉េនឹងក្លាយជាបណ្ដាញ ទំនាក់ទំនង និងពិគ្រោះយោបល់ ២៤ម៉ោងលើ២៤ម៉ោង សំដៅបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ក៏ដូចជាស្ដារឡើងវិញនូវ សន្តិភាពនៅលើឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ត្រូវបានក្រុមអ្នកជំនាញមួយចំនួនចាត់ទុកថាគឺប្រៀបបានទៅនឹងស្ថានទូតកូរ៉េរួម មួយ ហើយវានឹងត្រូវបានបើកសម្ពោធនៅមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ត្រូវជួបគ្នា ក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើក០៣ក្នុងឆ្នាំ២០១៨នេះ នៅឯទីក្រុងព្យុងយ៉ាង នៅសប្ដាហ៍ក្រោយ៕