(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពី​ក្រុមហ៊ុន Boeing បាននិយាយថា ចិនត្រូវបានគេរំពឹងថា​នឹងបញ្ជាទិញយន្ដហោះ​ដឹកជញ្ជូនថ្មី ២០០គ្រឿង និងយន្ដហោះ​ដឹកអ្នកដំណើរ ៤៧០គ្រឿង នៅរយៈពេល ២០ឆ្នាំ ខាងមុខ​ទៀតនេះ៕

២៖ មនុស្ស១១នាក់បានស្លាប់ និង៤៤នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបើកបំបុកហ្វូងមនុស្សនៅឯឧទ្យានមួយ កន្លែងស្ថិតនៅភាគខាងត្បូង ប្រទេសចិន៕

៣៖ ខ្មាន់កាំភ្លើងដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើការបាញ់ប្រហារទៅលើមនុស្ស ០៥នាក់ នៅតំបន់បាឃឺសហ្វាល (Bakersfield) នៃភាគកណ្តាលរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក និងមានចម្ងាយ ២០០គីឡូម៉ែត្រ ពីទីក្រុង​ឡូសអាន់ជែឡេស៕

៤៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា​លោកស្រី អោងសាន ស៊ូជី បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន Reuters ពីរនាក់ដែលត្រូវបានកាត់ ទោស​ដាក់ពន្ធនាគារ ០៧ឆ្នាំ សម្រាប់​ការស៊ើបអង្កេត​លើការសម្លាប់រង្គាល​ ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅក្នុងរដ្ឋ​រ៉ាឃីន (Rakhine) មិនមែន​ត្រូវ​បានផ្ដន្ទាទោស​ដោយសារតែ​ពួកគេ ជាអ្នកសារព័ត៌មាននោះទេ តែគឺមកពីពួក​គេរំលោភលើច្បាប់របស់​មីយ៉ាន់ម៉ា៕

៥៖ យន្តហោះទម្លាក់គ្រាប់បែក​រុស្ស៊ីចំនួនពីរគ្រឿង ត្រូវបាន​​យន្តហោះ​ចម្បាំង​អាមេរិក​​ប្រភេទ F-22 ចាប់សញ្ញា​​បានថា បានធ្វើដំណើរ​មក​ក្បែររដ្ឋ​អាឡាស្កា ភាគឦសាន​​សហរដ្ឋអាមេរិក​៕

៦៖ ក្រុមហ៊ុន Apple នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបញ្ចេញទូរស័ព្ទដៃស្មាតហ្វូន iPhone X ដល់ទៅ៣ម៉ូឌែល ក្នុងនោះរួមមាន iPhones Xr, iPhoneXs និង iPhones XS Max៕