(កូឡុំបូ)៖ សកម្មភាពកសាងយ៉ាងសស្រាក់សស្រាំ ជាមួយនឹងក្រុមវិស្វករសំណង់ និងគ្រឿងចក្រនានានោះ ទីក្រុងកំពង់ផែកូឡុំបូ (Colombo Port City) កំពុងឆ្ពោះដំណើរក្លាយទៅជា «ទីក្រុងគុជដ៏ចែងចាំង ប្រចាំមហាសមុទ្រឥណ្ឌា» ហើយនេះជាមុខមាត់មួយ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា នៅលើឆាកអន្តរជាតិតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ឈានមកដល់ពេលនេះ ដំណើរការសាកសង់ទីក្រុងកំពង់ផែរបស់ស្រីលង្កា ក្រោយការជួយពីប្រទេសចិននោះ គឺកំពុងតែដំណើរការទៅមុននៅឡើយ ដោយស្ថិតនៅក្នុងគំរោងទឹកប្រាក់ ១.៤ពាន់លានដុល្លារ នៅក្បែរកំពង់ផែកូឡុំបូតែម្តង ហើយវាគឺជាការវិនិយោគបរទេសដោយផ្ទាល់ (FDI) ធំជាងគេបង្អស់នៅស្រីសង្កា។
ជុំវិញគំរោងដែលកំពុងតែដំណើរការទៅយ៉ាងរលូននេះ លោក Chandana Gunawardena អនុប្រធានចាត់ចែង នៃគំរោងការសាងសង់ទីក្រុងកំពង់ផែកូឡុំបូ បានអះអាងកាលពីពេលថ្មីៗនេះថា «ក្នុងនាមជាជនជាតិស្រីលង្កាមួយរូប ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួមនៅក្នុងគំរោងការនេះ ហើយខ្ញុំកំពុងសំឡឹងមើលគំរោងទាំងមូលឈានទៅរក ការសម្រេចជោគជ័យក្នុងពេលឆាប់ៗ...»។
គួរបញ្ជាក់ថា ទីក្រុងសេដ្ឋកិច្ចដ៏ថ្មីសន្លាងប្រចាំប្រទេសស្រីលង្កានេះ គឺស្ថិតនៅទីក្រុងពីក្រោយកន្លែងស្តុកកុងតឺន័រ នៃកំពង់ផែអន្តរជាតិកូឡុំបូ ដែលកំពុងតែធ្វើប្រតិបត្តិការដោយក្រុមហ៊ុនចិន China Merchants Ports Holdings។ ដោយសារតែគំរោងការសាងសង់ទីក្រុងកំពង់ផែថ្មីនេះ ជីវិតរបស់លោក Chandana កាន់តែមានរស្មី ដោយសារតែការងាររបស់លោកមានស្ថិរភាព។
បន្ថែមពីនេះទៀត ទីក្រុងកំពង់ផែខាងលើនេះ គឺត្រូវបានចាត់ទុកជាគំរោងដ៏ធំដែលអាចជួយជម្រុញសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានយ៉ាងសម្បើម ជាពិសេសគឺកំណើននៃការវិនិយោគពីវិស័យឯកជន។ អ្នកវិភាគក៏បានលើកឡើងផងដែរ ប្រជាជនស្រីលង្កាដែលរស់នៅក្រៅប្រទេស និងកំពុងតែបម្រើការងារនៅបរទេសនោះ នឹងមានការចាប់អារម្មណ៍ ហើយវិលត្រឡប់មកមាតុប្រទេសវិញកាន់តែច្រើន៕