(ប៉េកាំង)៖ មនុស្ស១១នាក់បានស្លាប់ និង៤៤នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបើកបំបុកហ្វូងមនុស្សនៅឯឧទ្យានមួយ កន្លែងស្ថិតនៅភាគខាងត្បូង ប្រទេសចិន។ នេះបើតាមអាជ្ញាធរចិន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរទីក្រុង Hengyang រថយន្តមួយគ្រឿង បានបើកបំបុកហ្វូងមនុស្សនៅឯឧទ្យាន ក្នុងតំបន់ Mishui នៃទីក្រុង Hengyang នៃខេត្ត Hunan កាលពីល្ងាចថ្ងៃពុធ។ ប៉ុន្តែក្រោយមកទៀត អ្នកបើកបររថយន្ដនេះក៏បានយកប៉ែល និងកូនកាំបិត
វាយប្រហារលើអ្នកដំណើរជាច្រើននាក់ផងដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន អ្នកបើកបរខាងលើមានឈ្មោះត្រកូល Yang និងត្រូវបានចាប់ខ្លួនហើយ។ ប៉ុន្តែមិនទាន់ត្រូវបាន គេបញ្ជាក់ថាជាប្រុសឬក៏ស្រីនៅឡើយទេ ដោយគ្រាន់តែមានការអះអាងថាជនរូបនេះធ្វើសកម្មភាពវាយប្រហាររបស់ខ្លួនគឺជាការ សងសឹក ទៅនឹងសង្គមចិន ក្រោយរូបគេធ្លាប់ត្រូវបានតុលាការកាត់ទោសពីបទគ្រឿងញៀន ប្លន់ និងអំពើហិង្សា៕