(ឡូសអាន់ជែឡេស)៖ ខ្មាន់កាំភ្លើងដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើការបាញ់ប្រហារទៅលើមនុស្ស ០៥នាក់ នៅតំបន់បាឃឺសហ្វាល (Bakersfield) នៃភាគកណ្តាលរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក និងមានចម្ងាយ ២០០គីឡូម៉ែត្រ ពីទីក្រុងឡូសអាន់ជែឡេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
តាមការដកស្រង់សម្តីពីសមត្ថកិច្ចនៃតំបន់ខាងលើនេះឲ្យដឹងថា វាគឺករណីបាញ់ប្រហារដ៏មិនធម្មតាមួយ ដែលកម្រកើតមានខ្លាំងនៅក្នុងរដ្ឋភាគនិរតី នៃសហរដ្ឋអាមេរិកមួយនេះ ខណៈខ្មាន់កាំភ្លើងតែម្នាក់បានបាញ់សម្លាប់មនុស្ស រហូតដល់ទៅ០៥នាក់ក្នុងពេលតែមួយនេះបែបនេះ។ ដូច្នេះអាជ្ញាធរបានចាត់ព្រឹត្តិការណ៍នៅល្ងាចថ្ងៃពុធ (ពេលវេលានៅអាមេរិក) គឺជាករណីបាញ់ប្រហារយ៉ាងកម្រោល។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើនេះ គឺបានបាញ់សម្លាប់ខ្លួនឯង នៅពីមុខសមត្ថកិច្ចបន្ទាប់ពីរូបគេបានបង្កការបាញ់ប្រហារ នៅវេលាម៉ោង ៥៖២០នាទីល្ងាចថ្ងៃពុធ។ សាក្សីដែលបានឃើញហេតុការណ៍នេះបានរៀបរាប់ថា ពីដំបូងឡើងខ្មាន់កាំភ្លើងបានសុំរថយន្តដឹកទំនិញមួយ ធ្វើដំណើរដោយសារ រួចនៅពេលរថយន្តនោះឈប់ពីមុខអគារក្រុមហ៊ុនមួយ ខ្មាន់កាំភ្លើងក៏បានចេញមកធ្វើការបាញ់រះជាបន្តបន្ទាប់ រហូតបង្កឲ្យមនុស្ស ០៥នាក់ស្លាប់ ទើបធ្វើអត្តឃាតខ្លួនឯងជាក្រោយ៕