(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពី​ក្រុមហ៊ុន Boeing បាននិយាយថា ចិនត្រូវបានគេរំពឹងថា​នឹងបញ្ជាទិញយន្ដហោះ​ដឹកជញ្ជូនថ្មី ២០០គ្រឿង និងយន្ដហោះ​ដឹកអ្នកដំណើរ ៤៧០គ្រឿង នៅរយៈពេល ២០ឆ្នាំ ខាងមុខ​ទៀតនេះ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក រែនឌី ទិនសិត (Randy Tinseth) អនុប្រធានទីផ្សារ​ពាណិជ្ជកម្មក្រុមហ៊ុន Boeing បានឱ្យដឹងទៀតថា ការបញ្ជាទិញ​យន្ដហោះ​បន្ថែមនេះ ដោយសារតែ​ការរីកលូតលាស់ នៃឧស្សាហកម្ម e-commerce នៅក្នុង​ប្រទេសចិន។ បន្ថែមពីលើនេះ​ក្រុមហ៊ុន Boeing ក៏បាន​ព្យាករណ៍ផងដែរ​ថា យន្ដហោះដឹក​ជញ្ជូនរបស់​ចិន​នឹងកើនពី ១៨០គ្រឿង​ក្នុងឆ្នាំ២០១៧ រហូតដល់ ៧៤០គ្រឿងនៅឆ្នាំ២០៣៧។

គួរជម្រាបថា បើតាមស្ថិតិផ្ដល់ដោយអាជ្ញាធរ​អាកាសចរណ៍ស៊ីវិលចិន ចិនបានដឹក​ជញ្ជូនទំនិញជាង ៧.០៦លានតោន ឬស្មើនឹង ៥.៦ភាគរយ កើនឡើងពី​មួយឆ្នាំទៅ​មួយឆ្នាំ ហើយក្នុងការទ្រទ្រង់វិស័យដឹកជញ្ជូនដ៏ច្រើនធំមហិមាបែបនេះ មានតែក្រុមហ៊ុនយក្សអាមេរិក Boeing នេះប៉ុណ្ណោះទើបអាចបំពេញតាមតម្រូវការ​ទាន់ពេលវេលា៕