(វៀងច័ន្ទ)៖ អាជ្ញាធរឡាវកំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ ស្ដីពីការអភិវឌ្ឍបណ្ដាញផ្លូវដែក ក្នុងគោលបំណងទាញយកប្រយោជន៍ ជាអតិបរមាពីការដឹកជញ្ជូនតាមផ្លូវដែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Vientiane Times សេចក្ដីព្រាងច្បាប់ខាងលើ ក៏មានគោលដៅផ្ដល់សំណងដល់ប្រជាជន ដែលទទួលផលប៉ះពាល់ពីគំរោងសាងសង់ផ្លូវដែកនេះដែរ។ ម្យ៉ាងវិញទៀត សេចក្ដីព្រាងច្បាប់នេះត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅ កាន់សភាត្រួតពិនិត្យនៅដំណាច់ឆ្នាំ២០១៨ ខណៈការសាងសង់ផ្លូវដែកប្រវែង ៤១៧គីឡូម៉ែត្រ ភ្ជាប់ពីទីក្រុងវៀងច័ន្ទទៅកាន់តំបន់ ព្រំដែនចិនអាចនឹងបញ្ចប់នៅឆ្នាំ២០២១។
គួរជម្រាបថា បច្ចុប្បន្នឡាវមានផ្លូវដែកប្រវែងតែ ៣.៥គីឡូម៉ែត្រប៉ុណ្ណោះ ដែលតភ្ជាប់ពីរដ្ឋធានីវៀងច័ន្ទជាមួយខេត្ត ណុងខៃ (Nong Khai) ប្រទេសថៃ ហើយគំរោងសាងសង់បណ្ដាញផ្លូវដែក គឺជាកិច្ចប្រឹងប្រែងភ្ជាប់តំបន់ដាច់ស្រយាលមកកាន់តំបន់ទីប្រជុំ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយការចំណាយ ថ្លៃធ្វើដំណើររបស់ប្រជាជនឡាវ។