(ហាណូយ)៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន Reuters ពីរនាក់ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ ០៧ឆ្នាំ សម្រាប់ការស៊ើបអង្កេតលើការសម្លាប់រង្គាល ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន (Rakhine) មិនមែនត្រូវបានផ្ដន្ទាទោសដោយសារតែពួកគេ ជាអ្នកសារព័ត៌មាននោះទេ តែគឺមកពីពួកគេរំលោភលើច្បាប់របស់មីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថានៃវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី ស៊ូជី បានលើកឡើងយ៉ាងដូច្នេះថា «ពួកគេមិនមែនត្រូវបានកាត់ទោស ដោយសារតែពួកគេគឺជាអ្នកសារព័ត៌មាននោះទេ តែគឺមកពីពួកគេខ្លួនឯងប្រព្រឹត្តខុសច្បាស់ ស្ដីពីព័ត៌មានសំងាត់ជាតិរបស់មីយ៉ាន់ម៉ា»។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចជាច្រើន បាននាំគ្នាថ្កោលទោសយ៉ាងខ្លាំង ចំពោះការកាត់ទោសអ្នកសារព័ត៌មាន Reuters ពីរនាក់គឺលោក វ៉ា ឡូណេ (Wa Lone) និងលោក ក្យរ សឿអូ (Kyaw Soe Oo) និងបានអំពាវនាវឱ្យរដ្ឋាភិបាលលោកស្រី ស៊ូជី ដោះលែងអ្នកទាំងពីរជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕