(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញក្រុមមន្ត្រីចិនឱ្យចូលរួម ក្នុងកិច្ចចរចាពាណិជ្ជកម្មសាជាថ្មី ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមដំឡើងលើការនាំចូលផលិតផលពីចិនមានតម្លៃ ២០០ពាន់លានដុល្លារ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
លោក ឡារី គូដឡូវ (Larry Kudlow) ដែលជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៃសេតវិមានបានប្រាប់ Fox Business Network នៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានផ្ញើលិខិតអញ្ជើញមួយច្បាប់ទៅក្រុមមន្ត្រីជាន់ខ្ពស់ចិន ប៉ុន្តែលោកបដិសេធបញ្ជាក់ ព័ត៌មានលម្អិត។ «វាគឺជាការពិភាក្សា និងព័ត៌មានដែលយើងទទួលបាននោះគឺថា រដ្ឋាភិបាលចិន និងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាលចិន មានបំណងចង់បន្តកិច្ចចរចា»។ នេះគឺជាការគូសបញ្ជាក់របស់លោក Kudlow។
ដោយឡែកបើតាមប្រភពពីមន្ត្រីអាមេរិកផ្សេងទៀត លិខិតអញ្ជើញរបស់លោក Mnuchin ត្រូវបានផ្ញើទៅកាន់សមភាគីចិនរួចរាល់ហើយ ក្នុងនោះរួមមានលោក លីវ ហេ (Liu He) ជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់ នៃប្រធានាធិបតីចិនលោក ស៊ី ជិនពីន ដើម្បីចូលរួមនៅក្នុងកិច្ចចរចា ដែលនឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
តែយ៉ាងណាក៏ដោយ ការអះអាងរបស់លោក Larry Kudlow ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា រដ្ឋាភិបាលចិនបានស្នើសុំការអនុញ្ញាត ពីអង្គការពាណិជ្ជកម្មពិភពលោក WTO ដើម្បីដាក់ទណ្ឌកម្មមានតម្លៃ ០៧ពាន់លានដុល្លារ ប្រឆាំងនឹងសហរដ្ឋអាមេរិក៕