(វ៉ាស៊ីនតោន)៖ យន្តហោះទម្លាក់គ្រាប់បែក​រុស្ស៊ីចំនួនពីរគ្រឿង ត្រូវបាន​​យន្តហោះ​ចម្បាំង​អាមេរិក​​ប្រភេទ F-22 ចាប់សញ្ញា​​បានថា បានធ្វើដំណើរ​មក​ក្បែររដ្ឋ​អាឡាស្កា ភាគឦសាន​​សហរដ្ឋអាមេរិក​។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នាព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

យន្តហោះទម្លាក់គ្រាប់បែក​រុស្ស៊ីខាងលើនេះ គឺត្រូវបានយោធាសហរដ្ឋអាមេរិក​​អះអាងថា ជាប្រភេទ Tu-95 bombers មានចំនួន​ពីរគ្រឿង នឹងត្រូវអមរក្បួន​ដំណើរដោយ​យន្តហោះចម្បាំង​ពីរគ្រឿងទៀត​ប្រភេទ Su-35។ យន្តហោះទាំងនេះ​ត្រូវបា​ន​យន្តហោះ​ចម្បាំងអាមេរិកចាប់សញ្ញាបាន កាលពីវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅ​សហរដ្ឋអាមេរិក) និងបញ្ជូន​ដំណឹងនេះ​ ទៅកាន់កង​កម្លាំង​នៃបញ្ជាការ​ដ្ឋានទ័ព​អាកាស ប្រចាំតំបន់​អាមេរិក​​ខាងត្បូង។

គួរបញ្ជាក់ថា យោងតាម​សេចក្តីថ្លែងការណ៍របស់យោធា​អាមេរិក យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក​របស់រុស្ស៊ី មិនបានចូលមកក្នុង​ដែនអាកាសអាមេរិក ឬក៏កាណាដា​នោះ​ឡើយ ដោយគ្រាន់តែបាន​ហោះមកក្បែរៗដែន​អាកាសរដ្ឋអាឡាស្កា​តែប៉ុណ្ណោះ។ ដោយឡែកកាល​ពីខែឧសភា​កន្លងទៅនេះ ក្រសួងការបរទេសរុស្ស៊ី​បានថ្លែងថា យន្តហោះទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95 និង Tu-142 ត្រូវបាន​រារាំងដោយ​យន្តហោះចម្បាំងអាមេរិក F-22 នៅដែលខ្លួនហោះហើរ​នៅលើដែនទឹក​អន្តរជាតិ នៃមហាសមុទ្រអាក់ទិក ប៉ុន្តែសហរដ្ឋអាមេរិក​បានជំទាស់ការចោទប្រកាន់នេះ៕