(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកូរ៉េខាងជើង បានបោះជំហានជាច្រើនឆ្ពោះទៅរកការរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនទៅវិញទេដែលមិនបានធ្វើអ្វីជាដុំកុំភួនទាល់តែសោះ បានតែទទូចឱ្យមានការ លុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះនាឱកាសចូលរួមក្នុងកិច្ចប្រជុំនៃវេទិការសេដ្ឋកិច្ចភាគខាងកើតក្នុងទីក្រុងវ៉្លាឌីវ៉ូស្ដុក នៅថ្ងៃពុធ នេះ។ ថ្លែងនឱកាសនោះ បុរសខ្លាំងរុស្ស៊ីរូបនេះ ក៏បានគូសបញ្ជាក់ដែរថា កូរ៉េខាងជើងគួរតែទទួលបានការធានាការពារសុវត្ថិភាពពី អន្តរជាតិហើយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីគ្រប់ពេលវេលា ទាំងអស់ឱ្យតែលោកចង់ ឬគិតងាយស្រួលសម្រាប់លោក។

សូមជម្រាបថា វិមានក្រឹមឡាំងបានផ្ញើលិខិតអញ្ជើញលោក គីម ជុងអ៊ុន ឱ្យមកបំពេញដំណើរទស្សនកិច្ចនៅរុស្ស៊ីកាលពីប៉ុន្មានថ្ងៃ មុននេះ។ ប៉ុន្តែមិនទាន់បានចម្លើយតបពីទីក្រុងព្យុងយ៉ាងនៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាលោក គីម អាចនឹង បំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នៅមុនដំណាច់ឆ្នាំ២០១៨នេះ៕