(វ៉ាស៊ីនតោន)៖ ការបញ្ជូនយានទៅកៀកព្រះអាទិត្យបំផុតមិនធ្លាប់មាន (ក្នុងគម្លាតជាង ៦លានគីឡូម៉ែត្រ) គឺជាលើកដំបូងបំផុត និងគួរឲ្យរំភើបនឹកស្មានមិនដល់ផងដែរ ប៉ុន្តែបេសកកម្មដ៏ធំរបស់អង្គការ NASA មួយនេះ ពិតជាមានភាពវិសេស និងអស្ចារ្យ លើសពីរូបភាពដែលបានបង្ហាញកន្លងមកនោះទៅទៀត។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាល្ងាចថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមការងារគ្រប់គ្រងបេសកកម្មនៃយាន Solar Parker Probe ដែលទើបត្រូវបានបាញ់បង្ហោះកាលពីប៉ុន្មានខែមុននេះបានឲ្យដឹងថា យានដែលអាចតស៊ូកម្តៅរាប់ពាន់រាប់ម៉ឺនអង្សាពីព្រះអាទិត្យនេះ គឺនឹងធ្វើការសិក្សាអំពីស្ថានភាពទូទៅនៃព្រះអាទិត្យ ដែលជាតំរុយដ៏សំខាន់បំផុត អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រឈានទៅវិភាគដឹង អំពីវត្តមានជីវិតអេលៀន (Alien) នៅបណ្តាភពផ្សេងៗ ដែលមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យយើង។
បន្ថែមពីខាងលើនេះ លោកស្រី Evgenya Shkolnik ជាអ្នកវិទ្យាសាស្ត្រ, តារាវិទូ និងភពសាស្ត្រ ប្រចាំនៅសាកលវិទ្យាល័យរដ្ឋ Arizona បានលើកឡើងថា «យើងអាចសិក្សាអ្វីៗច្រើនណាស់ពីព្រះអាទិត្យរបស់យើង និងជាពិសេសទៅលើផ្កាយផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យរបស់យើងនេះតែម្តង។ បន្ថែមពីនេះយើងចង់សិក្សាឲ្យកាន់តែច្បាស់អំពីភាគល្អិត ថាមពលហ្វូនថុន (photons) ឬមួយភាគល្អិតនៃពន្លឺ ដែលផ្កាយនានាផលិតចេញមក។ វាពិតជាស្មុគស្មាញខ្លាំងណាស់ នៅក្នុងការស្វែងយល់វត្ថុធាតុទាំងនេះ ដែលត្រូវបានជះដោយតារាទាំងនោះ ទៅលើភពនានារបស់ពួកវា...»។
តាមពិតទៅគ្រប់គ្នាបានដឹងអំពីភាគគ្រោះថ្នាក់នៃភាគល្អិត និងថាមពលហ្វូនថុន ជះចេញពីតារានិមួយៗ ដូចជាភពអង្គារដែលបានរងគ្រោះរាប់ពាន់លានឆ្នាំមកហើយ រហូតក្លាយជាភពស្លាប់ ប៉ុន្តែដោយសារតែផែនដីមានដែនម៉ាញេទិចដ៏ខ្លាំងក្លា និងបរិយាកាសដ៏ក្រាសនោះ ទើបថាមពលអាក្រក់ៗទាំងអស់នេះមិនអាចយាយីជីវិតនានានៅលើភពបៃតងរបស់យើងបាន។
ដូច្នេះការសិក្សាដឹងអំពីភាគល្អិត និងហ្វូថុនរបស់ព្រះអាទិត្យយើង គឺមានផលប្រយោជន៍នៅក្នុងការសិក្សាដឹងអំពីថាមពលដូចគ្នានៅផ្កាយផ្សេងៗ ដែលមានជម្រកនៃភពស្ថិតក្នុងគន្លងត្រឹមត្រូវដូចផែនដី ឬមួយក៏អាចល្អៀងគ្នាបន្តិចបន្តួចក៏បានដែរ។ កន្លងមកភពអេលៀនដែលចាត់ទុកថា មានគន្លងត្រឹមត្រូវ (Habitable Zone) គឺត្រូវបានយកគំរូតាម គម្លាតនៃគន្លងគោចររវាងផែនដី និងព្រះអាទិត្យ ព្រមទាំងទំហំនៃភព និងកម្រិតនៃពន្លឺចេញពីផ្កាយមេនោះថែមទៀត។
គួរបញ្ជាក់ថា ការសិក្សាអំពីរូបធាតុខាងលើនេះ គឺនឹងពិបាកនៅពេលដែលផែនដី ឬយាននានាស្ថិតនៅឆ្ងាយពីព្រះអាទិត្យខ្លាំងពេក ដូច្នេះទើបយាន Solar Parker ត្រូវបានផលិតជាមួយខែលការពារ ដែលអាចចូលទៅកៀកព្រះអាទិត្យបំផុតនៅក្នុងរយៈចម្ងាយតែជាង ៦លានគីឡូម៉ែត្រប៉ុណ្ណោះ ដែលចម្ងាយនេះស្ទើរតែគ្មាននរណាជឿនោះឡើយថា អាចមានវត្ថុធាតុណាមួយទ្រាំទ្ររួច នឹងកម្តៅដ៏មហិមានោះណាស់។
ដូច្នេះប្រយោជន៍ធំធេងរបស់វា គឺសិក្សាដឹងអំពីថាមពលទាំងល្អ និងអាក្រក់ចេញពីព្រះអាទិត្យយើងឲ្យបានច្បាស់ជាងមុន រួចបន្ទាប់មកគេនឹងយកលទ្ធផលទាំងនេះ ដើម្បីវិភាគទៅលើតារានានាដែលគេសង្ស័យថា មានភពគោចរនៅជុំវិញតារាទាំងនោះ ដែលអាចកំពុងលាក់ជីវិតក្នុងទម្រង់ណាមួយ បន្ថែមពីលើការសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់កែវយឺតអវកាសនានាដូចជា Kepler ឬក៏ James Webb ដែលបីឆ្នាំទៀតនឹងត្រូវបាញ់បង្ហោះនោះជាដើម៕