(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនអ្នកសា្លប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃអង្គារនៅឯខេត្តណាងហ្គាហារ (Nangarhar) ភាគខាងកើតប្រទេស បានកើនដល់ ៧០នាក់ហើយ ខណៈមនុស្ស ២៥៨នាក់បានររងរបួស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាហ្វហ្កានីស្ថាន ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ គឺមានគោលដៅលើពិធីក្បួនដង្ហែរតវ៉ាសន្តិវិធីមួយរបស់ ក្រុមបាតុកររាប់រយនាក់នៅក្នុងស្រុក ម៉ូម៉ាន់ដារ៉ា (Mohmandara) នៃខេត្ត Nangarhar។ ក្រុមបាតុករទាំងនេះនាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បី ប្រឆាំងជំទាស់នឹងការរំលោភអំណាច ពីសំណាក់ក្រុមមន្ត្រីប៉ូលិសនៅក្នុងតំបន់។
គួរបញ្ជាក់ថា ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែអាជ្ញាធរបានដាក់ការសង្ស័យថា ក្រុម ISIS ឬក្រុមតាលីបង់អាចជាអ្នកនៅពីក្រោយខ្នង ការវាយប្រហារដ៏អាក្រក់នេះ៕