(ម៉ូស្គូ)៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអ៊ីរ៉ង់ លោក សេយ៉េដ ហាឌី បាហានី (Seyed Hadi Barhani) បាននិយាយថា សហរដ្ឋអាមេរិកគ្មានផ្លូវអាចបង្កើន ឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសស៊ីរីទៀតឡើយ។ ការថ្លែងបែបនេះលោក Barhani គឺផ្អែកលើកិច្ចប្រជុំកំពូលត្រីភាគីស្ដីពីវិបត្តិនៅស៊ីរី រវាងតួកគី រុស្ស៊ី និងអ៊ីរ៉ង់កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមលោក Barhani កិច្ចប្រជុំកំពូលត្រីភាគីរវាងរុស្ស៊ី តួកគី និងអ៊ីរ៉ង់ ក្នុងទីក្រុងតេហេរ៉ង់គឺជាជ័យជម្នះ នៃនយោបាយការទូតរបស់អ៊ីរ៉ង់ ដែលបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់នៅតែមានឥទ្ធិពលនៅក្នុងប្រទេសស៊ីរី និងនៅក្នុងតំបន់ទាំងមូលទាំងខាងនយោបាយ និងសេដ្ឋកិច្ច។
លោក Barhani បន្ថែមទៀតថា សហរដ្ឋអាមេរិកបានព្យាយាមបញ្ឈប់ជ័យជម្នះ របស់រដ្ឋាភិបាលស៊ីរី និងការវាយកម្ចាត់ពួកភេរវករ ប៉ុន្តែការប៉ុនប៉ងទាំងនេះបានបរាជ័យ ស្របពេលកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុង។ ទាំងនេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅស៊ីរី និងនៅក្នុងតំបន់ទាំងមូល ត្រូវបានកាត់បន្ថយអស់មួយភាគធំ។
គួរបញ្ជាក់ថា បើតាមលោក Seyed Hadi Barhani សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ការចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរីប្រើប្រាស់ អាវុធគីមប្រឆាំងនឹងជនស៊ីវិល ជាលេសដើម្បីរារាំងជ័យជម្នះរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ៕