(ភ្នំពេញ)៖ កាលពីខែមីនាឆ្នាំនេះអនុលោមតាម «ផែនការធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់ស្ថាប័នបក្ស និងជាតិនៃប្រទេសចិន» អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានត្រូវបង្កើតឡើង និងបើកស្លាកជាផ្លូវការកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។
អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមបញ្ចូលគ្នានូវ ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិទាំងបីគឺ ស្ថានីយទូរទស្សន៍មជ្ឈិមចិន (ស្ថានីយទូរទស្សន៍អន្តរជាតិចិន) ស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន និងវិទ្យុអន្តរជាតិចិន ឆ្លងតាមរយៈការអភិវឌ្ឍដោយរួមបញ្ចូលគ្នា និងច្នៃប្រឌិតថ្មីបានតែប៉ុន្មានខែបុណ្ណោះ កម្លាំងផ្សព្វផ្សាយ កម្លាំងឥទ្ធិពល និងកម្លាំងនៃជំនឿទុកចិត្តពីសាធារណជន បានត្រូវលើកកម្ពស់យ៉ាងឆាប់រហ័ស។
បន្ទាប់ពីបង្កើតអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ការអភិវឌ្ឍដោយរួមបញ្ចូលគ្នាមានកម្លាំងកាន់តែខ្លាំងក្លា ពោលគឺនៅវេទិកាអាស៊ីក្រុង Boao ខែមេសា ឆ្នាំ២០១៨ ពិធិករ និងពិធីការិនីនៃស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិទាំងបីកាលពីមុន បានសម្រេចការផ្សាយផ្ទាល់រួមគ្នាជាលើកដំបូង កិច្ចប្រជុំកំពូលក្រុង Qingdao នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅខែមិថុនា ឆ្នាំ២០១៨ ប៉ុស្តិ៍ព័ត៌មាននៃស្ថានីយទូរទស្សន៍មជ្ឈិមចិន បានសម្រេចការផ្សាយផ្ទាល់ក្នុងពេលតែគ្នាជាមួយ និងស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន និងវិទ្យុអន្តរជាតិចិនតាមរយៈវេទិកាផ្សាព្វផ្សាយទីទៃគ្នា។
ទន្ទឹមនឹងនេះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបង្កើនពន្លឿនការអភិវឌ្ឍ នៃការរួមបញ្ចូលគ្នានូវប្រព័ន្ធសារព័ត៌មាន ដោយប្រើប្រាស់នូវបច្ចេកវិទ្យាបណ្តាញអ៊ីនធើណែត និងបច្ចេកវិទ្យាឌីជីថលថ្មីបំផុត បង្កើតវេទិកាប្រព័ន្ធសារព័ត៌មានថ្មីសម្រាប់ស្វែងរក និងបង្កើតប្រព័ន្ធសារព័ត៌មានរួមបញ្ចូលគ្នា ដ៏សំខាន់ជាងគេក្នុងប្រទេសចិន។
នៅខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនទូរទស្សន៍អន្តរជាតិចិន ដែលស្ថិតក្រោមឱវាទអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេសជាមួយក្រុមហ៊ុន Alibaba ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យ Cloud Platforms ទិន្នន័យធំៗ ប្រព័ន្ធ APP និងការបង្កើតវេទិកាព័ត៌មានភាវូបនីយកម្មជាដើម។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនទូរទស្សន៍អន្តរជាតិចិនបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាផ្លូវការជាមួយក្រុមហ៊ុន CMCC លើវិស័យធំៗចំនួន ០៦ ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេស 5G ការបង្កើតប៉ុស្តិ៍ទូរទស្សន៍រូបភាពភ្លឺច្បាស់ទម្រង់ 4K ការចែករំលែកខ្លឹមសារ ទិន្នន័យធំ និងប្រាក់ទុនជាដើម ដែលសម្រេចបាននូវការចែករំលែកធនធាន បំពេញបន្ថែមឧត្តមភាពគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះ។
កាលពីថ្ងៃទី១ខែសីហាឆ្នាំ២០១៨ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន SINA បានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយ និងបានឯកភាពគ្នាពង្រីកវិស័យប្រព័ន្ធសារព័ត៌មានជាលក្ខណៈបុគ្គល និងបណ្តាញទំនាក់ទំនងសង្គមជាដើម ។
ក្រៅពីការស្វែងរក និងការរួមបញ្ចូលគ្នាក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន ផលិតផលប្រកបដោយខ្លឹមសារ និងការអភិវឌ្ឍផលិតកម្ម អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក៏បានរួមបញ្ចូលនូវកម្លាំងផ្សព្វផ្សាយ ដើម្បីផលប្រយោជន៍សាធារណៈនៃស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិទាំងបី ដែលបានញ៉ាំឲ្យប្រសិទ្ធភាពខាងការផ្សព្វផ្សាយនូវផលប្រយោជន៍សាធារណៈ បានកើនឡើងយ៉ាងខ្លាំង។
ក្នុងការជួយឧបត្ថម្ភភាពក្រីក្រពីខែកក្កដាឆ្នាំ២០១៨ដល់ខែមិថុនាឆ្នាំ២០១៩ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមនឹងផ្តល់ធនធានជួយឧបត្ថម្ភភាពក្រីក្រតាមរយៈការផ្សព្វផ្សាយស្ពតពាណិជ្ជកម្មជាង១ពាន់លានយាន់ប្រាក់ចិននៅលើមូលដ្ឋានដែលបានចំណាយធនធានជួយឧបត្ថម្ភភាពក្រីក្រតាមរយៈការផ្សព្វផ្សាយស្ពតពាណិជ្ជកម្មចំនួន១ពាន់៤០លានយាន់ប្រាក់ចិនក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីជួយឧបត្ថម្ភដល់តំបន់ក្រីក្រ កាន់តែច្រើននៅប្រទេសចិន។
ឧត្តមភាពយ៉ាងលេចធ្លោ នៃការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៨នេះ កូតាទស្សនានៃទូរទស្សន៍មជ្ឈិមចិន ( CCTV) ក្នុងមួយថ្ងៃមាន ៣៣.៣១% ក្នុងនោះអត្រាទស្សនានៅពេលយប់ (ម៉ោង 19:00—23:00) មាន ៣១.០៥% កើនជាងរយៈពេលដូចគ្នានាឆ្នាំ២០១៧ ចំនួន ០.៦%។ កូតាទស្សនាច្រើនជាងគេពីលំដាប់ទី ១ ដល់ទី ៥ គឺសុទ្ធតែជាប៉ុស្តិ៍របស់ CCTV ។
កម្លាំងផ្សព្វផ្សាយតាមបណ្តាញអ៊ីធើណែត បានបាននាំមុខគេក្នុងតារាងស្តីពីឥទ្ធិពលផ្សព្វផ្សាយ តាមបណ្តាញអ៊ីនធើណែតនៃប្រព័ន្ធឃោសនាមជ្ឈិមចិនធំៗទាំង ១០ និងស្ថានីយទូរទស្សន៍ថ្នាក់តំបន់ចំនួន ៣៨ ផ្សេងទៀតនៅត្រីមាសទី ២ ឆ្នាំ២០១៨ ដែលចេញផ្សាយដោយក្រុមហ៊ុន CTR ឲ្យដឹងថា វេទិកាផ្សព្វផ្សាយនានា នៅក្រោមឱវាទអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានឈរនៅលំដាប់នាំមុខគេក្នុងតារាងនេះ។ ក្នុងចំណោមប្រព័ន្ធឃោសនាមជ្ឈិមធំទាំង ១០ ទូរទស្សន៍ CCTV នៅលំដាប់ទី ១ ឯវិទ្យុអន្តរជាតិចិន និងវិទ្យុប្រជាជនមជ្ឈិមចិននៅលំដាប់ទី ៦ និង ទី៨។
ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ ពានរង្វាន់ពិភពលោកឆ្នាំនេះ កំណើននៃការប្រើប្រាស់ក្នុងមួយថ្ងៃ នៃកម្មវិធី APP ចល័តឈ្មោះ CBox របស់អគ្គស្ថានីយមានការកើនឡើងយ៉ាងខ្លាំង ពេលការប្រកួតទើបចាប់ផ្តើម ចំនួនអ្នកប្រើប្រាស់កម្មវិធី APP លើសពី ៩ លាននាក់ ជាពិសេសថ្ងៃទី១៨ ខែមិថុនា ចំនួនអ្នកទស្សនាតាមកម្មវិធី APP ចល័តមានដល់ទៅ ៥០ លានដងក្នុងមួយថ្ងៃ។
គិតពីដើមឆ្នាំនេះមក វីដេអូឃ្លីបនៃព្រឹត្តិការណ៍ទាន់ហេតុការណ៍ផ្នែកនយោបាយ ដែលជា «ផលិតផលពិសេស» នៃគេហទំព័រ cctv.com បានផលិត និងបង្ហោះវីដេអូឃ្លីបអំពីព្រឹត្តិការណ៍ទាន់ហេតុការណ៍ផ្នែកនយោបាយចំនួន ៣៥ ឃ្លីបដែលមានអ្នកចូលទស្សនាដល់ទៅ ២,៣០០ លានដងគិតជាមធ្យមឃ្លីបនីមួយៗមានអ្នកចូលទស្សនា ៦៥ លានដង។
ក្នុងនាមជាវេទិកាផ្សព្វផ្សាយថ្នាក់ជាតិ ចាប់ពីពេលបង្កើតឡើងមក អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងលើកកម្ពស់កម្រិតនៃការបញ្ចូលគ្នា នៃប្រព័ន្ធសារព័ត៌មាន ក្នុងទិសដៅកសាងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិដ៏ទាន់សម័យ និងឈានមុខលើផ្ទៃអន្តរជាតិ បន្តស្វែងរក និងកែលម្អដោយឥតឈប់ឈរនូវយន្តការអភិវឌ្ឍន៍ ប្រព័ន្ធសារព័ត៌មាន ដើម្បីទទួលបានសមិទ្ធផលកាន់តែជាទីមោទនៈ៕