(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅក្នុងសប្ដាហ៍នេះ បានស្នើឱ្យប្រជាជនរស់នៅក្នុងទីក្រុងហាណូយ បញ្ឈប់ការបរិភោគសាច់ឆ្កែដោយគូសបញ្ជាក់ថា ម្ហូបដ៏មានប្រជាប្រិយភាពនេះធ្វើឱ្យជនបរទេស មើលមកប្រទេសវៀតណាមក្នុងរូបភាពមិនល្អ ព្រមទាំងបង្កជំងឺឆ្លងប៉ះពាល់ដល់អាយុជីវិតផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារំាង Le Figaro នៅព្រឹកថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
សាច់ឆ្កែក៏ដូចជាសាច់ឆ្មា គឺជាម្ហូបដ៏ពេញនិយមក្លែមជាមួយស្រា សម្រាប់ជនជាតិវៀតណាម និងត្រូវបានដាក់លក់នៅតាមដងផ្លូវស្ទើរតែទូទាំង ទីក្រុងហាណូយ។ ប៉ុន្តែទោះបីជាវាកំពុងពេញនិយមក៏ពិតមែន ក៏គណៈកម្មាធិការប្រជាជននៃទីក្រុងហាណូយ នៅតែអំពាវនាវឱ្យប្រជាជនវៀតណាម បញ្ឈប់ការបរិភោគសាច់ឆ្កែ និងសាច់ឆ្មា ពីព្រោះការបរិភោគសាច់សត្វទាំងនេះអាចបណ្ដាលឱ្យកើតជំងឺឆ្លង និងធ្វើប៉ះពាល់ដល់មុខមាត់ជាតិ។
លើសពីនេះទៅទៀត គណៈកម្មាធិការមួយនេះ ក៏បានចាត់ទុកផងដែរថា ការសម្លាប់សត្វចិញ្ចឹម ទាំងនេះគឺជាទង្វើឃោរឃៅគួរតែត្រូវបានបិទបញ្ចប់ តែមិនទាន់បានបញ្ជាក់ពីវិធានការទប់ស្កាត់អ្វីឡើយ។ សម្រាប់បណ្តាប្រទេសលោកខាងលិច និងតំបន់អាស៊ីមួយចំនួន ការកាប់សម្លាប់សត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា ដើម្បីយកសាច់ទៅបរិភោគនោះ គឺជាទង្វើដែលពួកគេស្អប់ខ្ពើមជាទីបំផុត។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរវៀតណាម សត្វឆ្កែ និងសត្វឆ្មាប្រមាណជា ៤៩៣,០០០ក្បាល កំពុងរស់នៅក្នុងទីក្រុងហាណូយ ហើយគិតត្រឹមដើមឆ្នាំ២០១៨មក មានមនុស្សបីនាក់បានស្លាប់ នៅក្នុងទីក្រុងហាណូយ ខណៈមនុស្សពីរនាក់ធ្លាក់ខ្លួនឈឺ ដោយសារតែការបរិភោគសាច់ឆ្កែ៕