(ហ្សឺណែវ)៖ រដ្ឋាភិបាលចិនបានប្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ខ្លួនចង់ដាក់ទណ្ឌកម្ម ០៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រឆាំងនឹងសហរដ្ឋអាមេរិក ជាការសងសឹកចំពោះទីក្រុងវ៉ាស៊ីនតោន សម្រាប់ការមិនគោរពតាមច្បាប់នៅក្នុងជម្លោះ ពាណិជ្ជកម្មទាក់ទិននឹងគំនិតគាំពារនិយម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
សំណើសុំការអនុញ្ញាតរបស់ចិន ត្រូវបានចេញផ្សាយដោយអង្គការ WTO នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការបង្ហាញទិន្នន័យផងដែរថា ទីក្រុងប៉េកាំងរងការខូចខាតជាង ៧.០៤៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែរបាំងពាណិជ្ជកម្ម និងគោលនយោបាយ សេដ្ឋកិច្ចគាំពារនិយមរបស់សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែខាងអង្គការ WTO មិនទាន់ឆ្លើយតបទៅនឹងសំណើរបស់ចិននៅឡើយទេ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានដកសហរដ្ឋអាមេរិក ចេញពីអង្គការអន្តរជាតិមួយនេះ ដោយអះអាងថា WTO អនុវត្តមិនស្មើភាពចំពោះពាក្យបណ្ដឹង ពីសហរដ្ឋអាមេរិកទល់នឹងចិន។
គួររំលឹកថា ចិនទទួលបានការអនុញ្ញាតមួយពីអង្គការ WTO នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ ហើយសាលក្រមសម្រេចចិត្តនេះ ត្រូវបានទទួលស្គាល់ដោយបណ្ដឹងឧទ្ធរណ៍កាលពីឆ្នាំ២០១៧៕