(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឱ្យបណ្ដាប្រទេសជាភាគីជម្លោះទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យកុំឱ្យការវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំ កើតឡើងនៅក្នុងខេត្ត អ៊ីដលីព (Idlib) ដែលជាមូលដ្ឋានរឹងមាំចុងក្រោយ របស់ក្រុមឧទ្ទាមស៊ីរីគ្រាំទ្រដោយសហរដ្ឋមេរិកនៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានមួយនៅឯទីស្នាក់ការ UN ក្នុងទីក្រុងញូយ៉ក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក Guterres ក៏បានព្រមានផងដែរថា ជម្លោះនៅក្នុងខេត្ត Idlib អាចនឹងបង្កជាគ្រោះមហន្តរាយមនុស្សជាតិ ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ទី ២១ នេះ។ លោកអគ្គលេខាធិការ UN បានបន្ថែមដូច្នេះថា «ខណៈពេលនេះគឺជាពេលចំាបាច់បំផុតឱ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមទប់ស្កាត់កុំឱ្យខេត្ត Idlib ក្លាយជាថ្លុកឈាមនៃភ្លើងសង្រ្គាម តាមរយៈការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះ»។
គួរជម្រាបថា កាលពីថ្ងៃអង្គារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីស្ថានភាពបច្ចុប្បន្ននៅក្នុងខេត្ត Idlib នេះដែរ នៅក្នុងបរិបទដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីមានរុស្ស៊ីនៅពីក្រោយ ត្រូវបានគេរាយការណ៍កំពុងត្រៀមបើក ការវាយលុកដណ្ដើមយកខេត្តមួយនេះក្រុមឧទ្ទាមស៊ីរីមកវិញ។ ប៉ុន្តែសហរដ្ឋអាមេរិក បារាំង និងអង់គ្លេសបានព្រមានជាច្រើន
លើកថានឹងមិនឈរឱបដៃមើលឡើយ បើសិនជាកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមីជាថ្មី នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន៕