(ប៉ាគិស្ថាន)៖ ភរិយាអតីតនាយករដ្ឋមន្ត្រីប៉ាគិស្ថាន លោក Nawaz Sharif បានទទួលមរណភាពហើយនៅថ្ងៃអង្គារនេះ ក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ចំពេលស្វាមី និងកូនស្រីរបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមប្អូនប្រុសរបស់លោក Sharif គឺលោក Shehbaz Sharif លោកស្រី Kulsoom Nawaz Sharif បានទទួលមរណភាព ក្នុងវ័យ៦៨ឆ្នាំ ក្រោយសន្លប់ស្ដូកស្ដឹងអស់រយៈពេលជាច្រើនដោយសារតែជំងឺមហារីក។ លោក Shehbaz គូសបញ្ជាក់នៅលើ Twitter ដូច្នេះថា៖«ភរិយារបស់លោក Nawaz Sharif មិនអាចរស់នៅជាមួយពួកយើងទៀតនោះទេ...សង្ឃឹមថាព្រះជាម្ចាស់នឹង ទទួលយកគាត់ទៅកាន់សុគតិភព»។
គួរបញ្ជាក់ថា លោក Nawaz Sharif ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ រីឯកូនស្រីរបស់លោកឈ្មោះ Maryam ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ០៧ឆ្នាំ ហើយអ្នកទាំងពីរសុទ្ធតែជាប់ចោទពីបទពុករលួយ៕