(មូស្គូ)៖ កងទ័ពរុស្ស៊ី ៣០០,០០០នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំរបស់ខ្លួនហើយនៅថ្ងៃអង្គារនេះ នៅឯភាគខាងកើត នៃតំបន់ស៊ីបេរី ហើយដែលនេះគឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក និងត្រូវបានធ្វើឡើង ចំពេលទីក្រុងម៉ូស្គូ និងអង្គការណាតូរបស់សហរដ្ឋអាមេរិកកំពុងមានភាពតានតឹងគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
សមយុទ្ធយោធាឈ្មោះ Vostok-2018 នេះក៏មានការចូលរួមពីសំណាក់កងទ័ពចិន ៣,២០០នាក់ ព្រមទាំងកងទ័ពមកពីប្រទេស ម៉ុងហ្គោលីមួយចំនួនផងដែរ។ ដោយឡែក ក្រៅតែចំនួនកងទ័ព រថក្រោះ៣៦,០០០គ្រឿង និងយន្ដហោះចម្បាំងច្រើនជាង ១០០០គ្រឿង សុទ្ធតែត្រូវចូលរួមក្នុងសមយុទ្ធយោធាដ៏សម្បើមនេះចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃ១៧ ខែកញ្ញា។ ក៏ប៉ុន្តែ អ្វីដែល
គួរឱ្យកត់សម្គាល់នោះគឺថា ក្រុមអ្នកជំនាញមួយចំនួនមើលឃើញថាការធ្វើសមយុទ្ធយោធារបស់ទីក្រុងម៉ូស្គូ នៅពេលនេះគឺជាការ ហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ជម្លោះនៅក្នុងស.វទី២១នេះ ខណៈរុស្ស៊ីកំពុងមានភាពតានតឹងជាមួយណាតូ។
សូមជម្រាបថា ទំនាក់ទំនងរវាងរុស្ស៊ី និងអង្គការណាតូ របស់សហរដ្ឋអាមេរិកបានស្គាល់ភាពតានតឹងចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ ពោលគឺក្រោយពីរុស្ស៊ីបានក្រសោបយកតំបន់ឧបទ្វីបគ្រីមមៀពីប្រទេសអ៊ុយក្រែន ហើយជាពិសេសគឺបន្ទាប់ពីការដាក់ពង្រាយ កងទ័ពណាតូនៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់រុស្ស៊ី៕