(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិកបានគំរាមជាសាធារណៈថា នឹងចាប់ខ្លួន ព្រមទាំងដាក់ទណ្ឌកម្មលើចៅក្រម និងក្រុមមន្ត្រីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើសិនជាតុលាការអន្តជាតិមួយនេះ បើកការស៊ើបអង្កេតលើសំណុំរឿងចោទប្រកាន់ថា សហរដ្ឋអាមេរិកបានប្រព្រឹត្ត បទឧក្រិដ្ឋសង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
២៖ ការស្ទង់មតិមួយដែលត្រូវបានប្រកាសលទ្ធផល នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រជាប្រិយភាពនៃប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានធ្លាក់ចុះយ៉ាងគំហុកបន្ថែមទៀត ដោយក្នុងចំណោមជនជាតិបារាំង ១០នាក់ មាន ០៧នាក់ទៅហើយដែលមិនពេញចិត្ត នឹងការដឹកនាំរបស់មេដឹកនាំវ័យ ៤០ឆ្នាំរូបនេះ៕
៣៖ មនុស្សច្រើនជាង០១លាននាក់ រស់នៅតាមបណ្ដោយឆ្នេរ Carolina ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ក្រោមបទបញ្ជាជម្លៀសរយៈពេល០៣ថ្ងៃ មុននឹងការមកដល់នៃព្យុះ Hurricane Florence៕
៤៖ ប្រទេសចិននៅទីបំផុតបានបញ្ជូននាវាបំបែកទឹកកក ដែលខ្លួនផលិតដោយផ្ទាល់ដៃនោះ ទៅបណ្តែតលើផ្ទៃសមុទ្រហើយ ដោយវាមានឈ្មោះជាផ្លូវការថា «Xuelong 2» ឬអាចហៅបានម្យ៉ាងទៀតថា «នាគរាជទឹកកក ២» ប៉ុន្តែបេសកកម្មជាផ្លូវការរបស់វា នឹងចាប់ផ្តើមនៅអំឡុងពាក់កណ្តាលឆ្នាំ២០១៩៕
៥៖ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហៅកាត់ថា (OCHA) បានឱ្យដឹងថាប្រជាជនស៊ីរីច្រើន ជាង ៣០,០០០នាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងខេត្ត Idlib នៃភាគពាយព្យប្រទេសស៊ីរី ចាប់តាំងពី កងកម្លាំងរដ្ឋាភិបាល និងសម្ព័ន្ធមិត្តរបស់ខ្លួនចាប់ផ្ដើមបើកប្រតិបត្តិការយោធាឡើងវិញកាលពីសប្ដាហ៍មុនមក៕
៦៖ អស់រយៈពេល ១៧ឆ្នាំ មកហើយក្រោយកើតមានមហាភេរវកម្ម បើកយន្តហោះបុកកម្ទេចអគារភ្លោះពាណិជ្ជកម្មពិភពលោក «World Trade Center» ក្នុងទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ការកំណត់អត្តសញ្ញាណជនរងគ្រោះ មិនទាន់បិទបញ្ចប់នៅឡើយទេ ខណៈមនុស្សសរុប ១,១១១នាក់ មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ៕