(ប៉ារីស)៖ ការស្ទង់មតិមួយដែលត្រូវបានប្រកាសលទ្ធផល នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រជាប្រិយភាពនៃប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានធ្លាក់ចុះយ៉ាងគំហុកបន្ថែមទៀត ដោយក្នុងចំណោមជនជាតិបារាំង ១០នាក់ មាន ០៧នាក់ទៅហើយដែលមិនពេញចិត្ត នឹងការដឹកនាំរបស់មេដឹកនាំវ័យ ៤០ឆ្នាំរូបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
បើប្រៀបធៀបទៅនឹងការស្ទាប់ស្ទង់មតិ កាលពីខែមិថុនា ឆ្នាំ២០១៨ លទ្ធផលនៃការស្ទង់មតិនៅដើមខែកញ្ញានេះ ធ្វើឲ្យប្រធានាធិបតីរូបនេះធ្លាក់ចុះបន្ថែម ១២%។ ការស្ទង់មតិថ្មីៗនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ទៅលើមនុស្សរុប ១,០០៤នាក់ នៅក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែកញ្ញា ក្រុមការងារ Odoxa ផ្តល់ជូនស្ថាប័ន France Inter, L'Express និងសារព័ត៌មានក្នុងតំបន់។
គួរបញ្ជាក់ថា នេះជាលើកទី ១ ហើយចាប់តាំងពីលោក ម៉ាក្រុង ឡើងកាន់តំណែងកាលពីឆ្នាំ២០១៧ ដែលប្រជាជនបារាំងក្នុងភាគរយដ៏ច្រើន បានចាត់ទុកលោកជាប្រធានាធិបតីមួយរូបដែលមិនល្អ។ ការធ្លាក់ចុះនេះ គឺដោយសារតែលោក ម៉ាក្រុង បានចំណាយពេលកម្សាន្តច្រើន ជាមួយមន្ត្រីជំនិតៗមួយចំនួន ព្រមទាំងរឿងអាស្រូវពាក់ព័ន្ធនឹងកងអង្គរក្សរបស់លោកមួយរូប ដែលបានប្រើប្រាស់អំពើហិង្សា ប៉ុន្តែមិនត្រូវបានច្បាប់កាត់ទោសនោះជាដើម៕