(វ៉ាស៊ីនតោន)៖ មនុស្សច្រើនជាង០១លាននាក់ រស់នៅតាមបណ្ដោយឆ្នេរ Carolina ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមាន សុវត្ថិភាពនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ក្រោមបទបញ្ជាជម្លៀសរយៈពេល០៣ថ្ងៃ មុននឹងការមកដល់នៃព្យុះ Hurricane Florence។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមមជ្ឈមណ្ឌលជាតិព្យុះ Hurricane ក្នុងទីក្រុង Miami ព្យុះ Hurricane Florence ដែលមានកម្លាំងខ្យល់បក់ ២២០គីឡូ ម៉ែត្រក្នុងមួយម៉ោង ទំនងជានឹងធ្វើដំណើរមកដល់តំបន់ដីគោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯភាគអាគ្នេយ៍រដ្ឋ Carolina ខាងជើង ស្ថិតនៅក្បែរព្រំដែននៃរដ្ឋ Carolina ខាងត្បូង។
គួរបញ្ជាក់ថា ដើម្បីបង្កាគ្រោះថ្នាក់នានា អាជ្ញាធរអាមេរិក ក៏បានអំពាវនាវផងដែរឱ្យប្រជាជននៅក្នុងតំបន់ទាំងអស់មានការប្រុង ប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះ Florence អាចនឹងបង្កជាភ្លៀងធ្លាក់ខ្លាំងជាមួយកម្លាំងខ្យល់បក់ដ៏មហិមា ក្នុងនាមជាព្យុះ Hurricane ដែលមានឥទ្ធិពលបំផុតក្នុងរយៈពេលជិត០៣ទសវត្សរ៍មកនេះ៕