(បរទេស)៖ អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា បានបង្ហាញសម្លៀកបំពាក់ផលិតឡើងនៅក្នុងស្រុកសម្រាប់ក្រុមអ្នកអវកាសរបស់ខ្លួន ជាលើកដំបូងនៅក្នុងពិធីមួយរៀបចំឡើងកាលពីថ្ងៃទី០៦ ខែកញ្ញាដែលជាការត្រៀមសម្រាប់បំពេញបេសកកម្មដំបូង នៃអវកាសយានិកឥណ្ឌា និងក្នុងនាមជាប្រទេសទី ៤ ទៅកាន់ទីអវកាស។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នារសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
ពិធីដាក់តាំងបង្ហាញសម្លៀកបំពាក់នេះ ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបានប្រកាសពីគំរោងដ៏មានមហិច្ឆតា ក្នុងការបញ្ជូនក្រុមអ្នកអវកាសរបស់ខ្លួន ទៅកាន់ស្ថានីយអវកាសនៅឆ្នាំ២០២២ ខាងមុខនេះ ពោលគឺចំថ្ងៃរំលឹកដល់ខួបលើកទី ៧៥ នៃឯករាជ្យជាតិរបស់ឥណ្ឌា និងជាគំរោងធំមួយរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីន ដើម្បីបង្ហាញឲ្យពិភពលោកឃើញអំពីភាពរីកចំរើនដ៏ឆាប់រហ័ស នៃការស្រាវជ្រាវទីអវកាសរបស់មហាយក្សលេខ ១ នៅអាស៊ីមួយនេះ។
គំរោងបញ្ជូនអ្នកអវកាស ឬមានឈ្មោះថា Gaganyaan ហើយនឹងដើរតាមគន្លងរបស់អ្នកអវកាសឥណ្ឌាដំបូងគេបំផុតឈ្មោះ Rakesh Sharma ដែលបានហោះហើរទៅកាន់ទីអវកាសកាលពីឆ្នាំ១៩៨៤។ ក៏ប៉ុន្តែនៅក្នុងពេលនេះ ឥណ្ឌាកំពុងអភិវឌ្ឍកម្មវិធីដែលផ្ដោតសំខាន់លើការរចនាសម្លៀកបំពាក់ សម្រាប់អ្នកអវកាស និងប្រើប្រាស់គ្រាប់រ៉ុក្កែតដែលផលិតដោយខ្លួនឯងសុទ្ធសាធ។
ជាមួយគ្នានោះដែរបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា សម្លៀកបំពាក់អវកាសពណ៌ទឹកក្រូចចំនួនពីរ ត្រូវបានផលិតរួចរាល់ហើយ ខណៈ សម្លៀកបំពាក់ទីបី នឹងត្រូវផលិតមុនការហោះហើររបស់ក្រុមអ្នកអវកាសចាប់ផ្ដើម។ នៅអំឡុងការធ្វើបទបង្ហាញកាលពីសប្ដាហ៍មុន សម្លៀកអាវកាសទាំងនេះត្រូវគេឱ្យដឹងថា មានកម្រាស់បួនកម្រិត និងមានទម្ងន់តិចជាង ០៥គីឡូក្រាម។
គួរបញ្ជាក់ថា សម្លៀកបំពាក់អវកាសខាងលើ ត្រូវបានផលិតឡើងដោយប្រើរយៈពេល ០២ឆ្នាំ ហើយវាមានបំពាក់ទៅដោយធុងស្តុកអុកស៊ីហ្សែន ដែលអាចទ្រទ្រង់ការដកដង្ហើមរយៈពេលមួយម៉ោង នៅក្រៅស្ថានីយ។ តាមការផ្សាយរបស់កាសែត Hindustan Times របស់ឥណ្ឌាកាលពីពេលថ្មីៗនេះ កាលបរិច្ឆេទនៃការសម្រេចជោគជ័យខាងលើនេះ គឺត្រូវបានកំណត់ដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ប៉ុន្តែក្រុមការងាររបស់ស្ថាប័នជាតិនេះ បានធ្វើការងាររបស់ខ្លួនពាក់ព័ន្ធនឹងគំរោងបញ្ជូនមនុស្សទៅទីអវកាស តាំងតែពីឆ្នាំ២០០៤មកម្ល៉េះ ហើយពេលនេះ ISRO ហ៊ានធានាអះអាងថា ខ្លួនគ្មានបញ្ហានោះឡើយចំពោះកាលបរិច្ឆេទខាងលើនេះ៕