(ញូយ៉ក)៖ អស់រយៈពេល ១៧ឆ្នាំ មកហើយក្រោយកើតមានមហាភេរវកម្ម បើកយន្តហោះបុកកម្ទេចអគារភ្លោះពាណិជ្ជកម្មពិភពលោក «World Trade Center» ក្នុងទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ការកំណត់អត្តសញ្ញាណជនរងគ្រោះ មិនទាន់បិទបញ្ចប់នៅឡើយទេ ខណៈមនុស្សសរុប ១,១១១នាក់ មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
មន្ទីរពិសោធន៍មួយស្ថិតនៅក្នុងសង្កាត់ មែនហាត់ធិន (Manhattan) នៃទីក្រុងញូយ៉ក បាននិងកំពុងធ្វើការងាររបស់ពួកគេ ដើម្បីបញ្ជាក់អត្តសញ្ញាណជនរងគ្រោះដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ គិតមកទល់នឹងពេលនេះ ជនរងគ្រោះ ១,៦៤២នាក់ហើយ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ២,៩៩៦នាក់ ត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការ រីឯ ១,១១១នាក់ទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ។
គួររំលឹកថា ការវាយប្រហារមហាភេរវកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានផ្ដាច់ជីវិតមនុស្ស ២,៩៩៦នាក់ និងជាង ៦,០០០នាក់ផ្សេងទៀតរងរបួស ហើយសហរដ្ឋអាមេរិកចោទប្រកាន់ថា ក្រុមអាល់កៃដារបស់អតីតមេដឹកនាំអូសាម៉ា ប៊ិនឡាដិន គឺជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ រហូតដល់ ១០ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១១ ទើបលោក អូសាម៉ា ប៊ិនឡាដិន ត្រូវបានកងកុម្ម៉ង់ដូពិសេសអាមេរិកធ្វើឃាតបានសម្រេចក្នុងប្រទេសប៉ាគីស្ថាន៕