(ប៉េកាំង)៖ ប្រទេសចិននៅទីបំផុតបានបញ្ជូននាវាបំបែកទឹកកក ដែលខ្លួនផលិតដោយផ្ទាល់ដៃនោះ ទៅបណ្តែតលើផ្ទៃសមុទ្រហើយ ដោយវាមានឈ្មោះជាផ្លូវការថា «Xuelong 2» ឬអាចហៅបានម្យ៉ាងទៀតថា «នាគរាជទឹកកក ២» ប៉ុន្តែបេសកកម្មជាផ្លូវការរបស់វា នឹងចាប់ផ្តើមនៅអំឡុងពាក់កណ្តាលឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ CGTN នាព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់ការដាក់ឲ្យដំណើរការជាផ្លូវការ នឹងត្រូវធ្វើឡើងនៅក្នុងទីតាំងរបស់ក្រុមហ៊ុនផលិតនាវា ជាំងណាន (Jiangnan Shipyard Group) ហើយបច្ចុប្បន្ននេះ ការបំពាក់ឧបករណ៍-បរិក្ខាផ្សេងៗ និងការតុបតែងនាវានាគរាជទឹកកក ២ ខាងលើនេះកំពុងតែប្រព្រឹត្តយ៉ាងសកម្មផងដែរ។ នាវានេះនឹងរួមគ្នាជាមួយនាវា នាគរាជទឹកកក ១ (Xuelong 1) ដើម្បីបំពេញប្រតិបត្តិការស្រាវជ្រាវ និងផ្គត់ផ្គង់ធនធាននានា សម្រាប់បម្រើដល់ការស្រាវជ្រាវវិទ្យាសាស្ត្រចិន នៅតំបន់ប៉ូលទាំងពីរនៃភពផែនដី។
នាវាបំបែកទឹកកក នឹងជួយដល់ប្រតិបត្តិការស្រាវជ្រាវនានាផ្សេងទៀតដូចជា ការស្ទាបស្ទង់អាកាសធាតុ ដោយប្រើប្រាស់ឧបករណ៍តាមដានកម្រិតខ្ពស់, ការសិក្សាអំពីបម្រែបម្រួល នៃស្រទាប់ទឹកកកតំបន់ប៉ូល, ស្ថានភាពនៃបរិយាកាស និងបរិស្ថាននៅតំបន់ប៉ូលជារួមតែម្តង បូកថែមនឹងការសិក្សាផ្ទៃបាតសមុទ្រទឹកកក និងធនធានជីវៈចំរុះដែលមានក្នុងតំបន់នោះទៀតផង។
គួរបញ្ជាក់ថា នាវាបំបែកទឹកកកទី ២ របស់ចិនត្រូវបានចាប់ផ្តើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយវាមានប្រវែងរហូតដល់ ១២២.៥ម៉ែត្រ និងទទឹង ២២.៣ម៉ែត្រ ព្រមទាំងអាចផ្ទុកទម្ងន់រហូតដល់ទៅ ១៣,៩៩០តោនឯណោះ។ បន្ថែមពីនេះទៀតវាអាចបើកបរដល់កម្រិតល្បឿន ១៥ Knots ឬ ២៧.៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងរយៈពេល ៦០ថ្ងៃជាប់ៗគ្នា ជាមួយនឹងក្រុមនាវិកសរុបរហូតដល់ ៦០នាក់។
នាវាខាងលើនេះនឹងបង្កើនឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ នៅតំបន់ប៉ូលទាំងពីរនៃភពផែនដី ជាពិសេសគឺប៉ូលខាងជើងតែម្តង ដែលសហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ី កំពុងតែបញ្ចេញឥទ្ធិពលដាក់គ្នាយ៉ាងខ្លាំងក្លា តាមរយៈការបង្កើនវត្តមាននាវា ព្រមទាំងមូលដ្ឋានទ័ពរៀងៗខ្លួនផងដែរ នៅជុំវិញមហាសមុទ្រទឹកកកអាក់ទិកនោះ៕