(ហ្គាណា)៖ សាកសពរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ UN លោក កូហ្វី អាណាន់ (Kofi Annan) បានទៅដល់រដ្ឋធានីអាកក្រា (Accra) ប្រទេសហ្គាណាហើយកាលពីល្ងាចថ្ងៃចន្ទ ដោយចាកចេញពីប្រទេសស្វីស ជាទីដែលលោកបានទទួលមរណភាព កាលពីខែសីហាក្នុងវ័យ ៨០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
សាកសពរបស់លោក Kofi Annan ត្រូវបានដឹកតាមជើងហោះហើរ ពិសេសមួយដែលបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ កូតូកា (Kotoka) អមដំណើរដោយប្រពន្ធ និងកូនៗរបស់លោកព្រមទាំងមន្ត្រី UN ជាច្រើននាក់។ ចំណែកឯមឈូសដាក់សពរបស់លោក ត្រូវបានទទួលស្វាគមន៍ដោយកងទ័ពជាតិហ្គាណា ដែលបានជំនួសទង់ជាតិ UN ដោយទង់ជាតិប្រទេសហ្គាណានៅលើមឈូសដាក់សពរបស់លោក។
គួរបញ្ជាក់ថា សាកសពរបស់អតីតអគ្គលេខាធិការ UN និងជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ត្រូវបានគេបញ្ជូនទៅកាន់ មជ្ឈមណ្ឌសន្និសីទអន្តរជាតិទីក្រុង (Accra International Conference Center) ជាទីដែលនឹងត្រូវរៀបចំពិធីបុណ្យសពរយៈពេលបីថ្ងៃសម្រាប់ប្រជាជន និងរដ្ឋាភិបាលហ្គាណា៕