(ដាម៉ាស់)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហៅកាត់ថា (OCHA) បានឱ្យដឹងថាប្រជាជនស៊ីរីច្រើន ជាង ៣០,០០០នាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងខេត្ត Idlib នៃភាគពាយព្យប្រទេសស៊ីរី ចាប់តាំងពី កងកម្លាំងរដ្ឋាភិបាល និងសម្ព័ន្ធមិត្តរបស់ខ្លួនចាប់ផ្ដើមបើកប្រតិបត្តិការយោធាឡើងវិញកាលពីសប្ដាហ៍មុនមក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាម OCHA ការវាយប្រយុទ្ធគ្នាសាជាថ្មីនៅក្នុងខេត្ត Idlib រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមស៊ីរី អាចនឹងបង្ខំឱ្យ ប្រជាជនស៊ីរី ៨០០,០០០នាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយមិនតែប៉ុណ្ណោះជម្លោះនេះក៏អាចនឹងបង្កទៅជា គ្រោះមហន្តរាយមនុស្សជាតិដ៏អាក្រក់បំផុតនៅក្នុងស.វទី២១នេះផងដែរ។ OCHA បានបន្ថែមទៀតថាប្រជាជនស៊ីរីជាង ២.៩នាក់ កំពុងរស់នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម ជាពិសេសគឺខេត្ត Idlib ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធពីសំណាក់ កងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់។
សូមជម្រាបថា កាលពីសប្ដាហ៍មុន យន្ដហោះចម្បាំងរុស្ស៊ី ត្រូវបានគេរាយការណ៍បានបើកវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹង
មូលដ្ឋានជាច្រើនកន្លែងរបស់ក្រុមឧទ្ទាមស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងខេត្ត Idlib បន្ទាប់ពីប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ សន្យាថានឹងវាយយកខេត្តមួយនេះមកវិញឱ្យបាន។ ប៉ុន្តែ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានព្រមានទុកជាមុន ថានឹងចាត់វិធានការឆ្លើយតប បើសិនជាកងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមីជាថ្មីនៅក្នុងខេត្ត Idlib៕