(ចិន)៖ មន្ត្រីប៉ូលិសនៅខេត្ត ហ័រណាន ភាគកណ្តាលប្រទេសចិន ថ្មីៗនេះ បានបង្ក្រាបបទល្មើសក្លែងបន្លំវិក័យបត្រពន្ធ VAT មួយ ក្នុងទីក្រុងហ័រពិ។ ការក្លែងបន្លំនេះ មានទឹកប្រាក់ប្រហែល១៩០លានដុល្លារអាមេរិក។
បើយោងតាមប៉ូលិសនៅក្រុង ហ័រពិ ការក្លែងបន្លំនេះ បាននាំឱ្យចំនូលពន្ធរបស់រដ្ឋ ត្រូវបាត់បង់អស់ប្រហែល១៤លានដុល្លារអាមេរិក។ ករណីនេះ ត្រូវបានរកឃើញដោយនាយកដ្ឋានពន្ធដារប្រចាំក្រុង ក្នុងអំឡុងពេលត្រួតពិនិត្យ ការបង់ពន្ធតាមធម្មតា កាលពីខែតុលា ឆ្នាំ២០១៥។
ក្រោយពីបានធ្វើការស៊ើប អង្កេតជាបឋមទៅ ប៉ូលិសក៏បានរកឃើញថា មានក្រុមហ៊ុនលក់គ្រឿងអលង្ការមួយ បានកែឯកសារវិក័យបត្រពន្ធ VAT មួយចំនួន ដើម្បីគេចវេសពីការបង់ពន្ធ។ ហើយតាមពិតទៅ អាសយដ្ឋានរបស់ក្រុមហ៊ុននោះ គឺជាអាសយដ្ឋានរបស់សណ្ឋាគារមួយ ដែលគ្មានបុគ្គលិកណាម្នាក់ នៅក្នុងសណ្ឋាគារ ធ្លាប់ស្គាល់ពីឈ្មោះក្រុមហ៊ុននេះទេ។
ក្នុងពេលស៊ើបអង្កេត ប៉ូលិសបានពឹងពាក់អ្នកជំនាញផ្នែកបច្ចេកវិទ្យា ដែលមាននៅក្នុងប្រទេសចិន ដើម្បីកំណត់អត្តសញ្ញាណរបស់ជនសង្ស័យ។
លោក ប៉ាវ យ៉ុងជីង ប៉ូលិស ក្រុមការងារស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច ក្រុងហ័រពិ និយាយថា «បន្ទាប់ពីយើងបានបង្ហោះព័ត៌មានរបស់ជនសង្ស័យ នៅលើអ៊ីនធើណេតរួចមក យើងបានរកឃើញថា អត្តសញ្ញាណបណ្ណរបស់គាត់ កម្រប្រើណាស់។ គាត់មិនបានជិះរថភ្លើង ឬស្នាក់នៅក្នុងសណ្ឋាគារណាមួយទេ។ មែនទែនទៅ គឺគាត់សម្ងំលាក់ខ្លួន»។
តាមរយៈការស្គែនព័ត៌មាន ប៉ូលិសបានរកឃើញថា កូនស្រីរបស់ជនសង្ស័យ គឺលោក វ៉ាង កំពុងរៀននៅសាកលវិទ្យាល័យមួយ នៅខេត្តជឺជាំង ប៉ែកខាងកើតប្រទេសចិន។
លោក វ៉ាង ជឺឆឹង ប៉ូលិស ក្រុមការងារស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច ក្រុង ហ័រពិ និយាយថា «កាតធនាគារនិងកាតទូរស័ព្ទរបស់កូនស្រីគាត់ មិនបានចុះឈ្មោះដោយប្រើព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ទេ។ គឺប្រើឈ្មោះគណនីរបស់អ្នកផ្សេង ឬ ឈ្មោះគណនីដែលគេមិនអាចឆែកមើលបាន»។
ក្រោយមក ប៉ូលិសបានរកឃើញថា ប្រពន្ធរបស់ជនសង្ស័យ ឧស្សាហ៍ផ្ញើប្រាក់ឱ្យកូនស្រី ជាហេតុនាំឱ្យប៉ូលិសអាចរកឃើញហាងកាហ្វេមួយ ដែលជារបស់ប្រពន្ធជនសង្ស័យ ដែលមានទីតាំងនៅក្រុង ណានជីង ខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន។ ក្រោយមក ប៉ូលិសក៏អាចចាប់ខ្លួនជនសង្ស័យ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
ប៉ូលិស មិនទាន់អាចវាស់ស្ទង់ដឹងពីទំហំ នៃបទល្មើសរបស់ជនសង្ស័យនោះទេ ហើយក៏មិនទាន់ដឹងថា គាត់បានបោកបញ្ឆោតមន្ត្រីពន្ធបានដោយរបៀបណាដែរ។
នៅខែតុលាខាងមុខនេះ ប្រទេសចិននឹងចាប់ផ្តើមអនុវត្តច្បាប់ថ្មី ស្តីអំពីពន្ធលើប្រាក់ចំនូលបុគ្គល ដោយដំឡើងកម្រិតរួចពន្ធប្រចាំខែបន្ថែមទៀត ពីប្រហែល៥១២ដុល្លារអាមេរិក មកជិតដល់៧៣២ដុល្លារអាមេរិកវិញ។
ច្បាប់ថ្មីនេះ ក៏មានបញ្ចូលនូវការកាត់បន្ថយពន្ធលើការចំណាយពិសេស សម្រាប់កិច្ចការមួយចំនួន ដូចជាបង់ថ្លៃសេវាថែទាំមនុស្សចាស់ ថ្លៃសាលាកូន និងថ្លៃព្យាបាលជំងឺធ្ងន់ធ្ងរជាដើម។
ពន្ធលើប្រាក់ចំនូលបុគ្គល រួមចំណែកច្រើនបំផុតលំដាប់ទី៣ ដល់ចំនូលពន្ធសរុបរបស់ប្រទេសចិន បន្ទាប់ពីពន្ធលើតម្លៃបន្ថែម VAT និងពន្ធលើប្រាក់ចំនូលក្រុមហ៊ុន។ នាឆ្នាំ២០១៧ ប្រទេសចិនប្រមូលពន្ធលើប្រាក់ចំនូលបុគ្គល បាន១៧៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រហែល៨.៣ភាគរយ នៃចំនូលពន្ធសរុប៕ (សារព័ត៌មាន CCTV របស់ចិន)