(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងចូលរួមសម្ពោធដាក់បង្ហាញរូបសំណាក ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក នៅខែតុលាខាងមុខនេះនៅឯរដ្ឋ ហ្គូចារ៉ាត (Gujarat) ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
រូបសំណាកតំណាងឱ្យការឯកភាពជាតិ ត្រូវបានកសាងឡើងដើម្បីរំលឹកដល់រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងឥណ្ឌាដំបូងគេបំផុតគឺលោក សាដា វ៉ាល់ឡាបបៃ ផាធែល (Sardar Vallabhbhai Patel) ហើយវានឹងត្រូវបានសម្ពោធដោយ លោកនាយករដ្ឋមន្ត្រី Narendra Modi នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះហើយ។
លោក Sardar Vallabhbhai Patel គឺជាមេដឹកនាំគណបក្សសមាជជាតិឥណ្ឌា និងជាឧបនាយករដ្ឋមន្ត្រីរបស់ នាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេគឺលោក ចាវ៉ាហាឡាល ណេរូ (Jawaharlal Nehru) ក្រោយឥណ្ឌាទទួលបានឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩៤៧ ហើយលោកក៏ជារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងឥណ្ឌា ដំបូងគេបំផុតផងដែរ ដែលបានបម្រើប្រទេសជាតិ ប្រកបដោយស្នាដៃគួរឲ្យកោតស្ញប់ស្ញែងបំផុត។
សម្រាប់ថ្ងៃបើកសម្ពោធរូបសំណាងដ៏ខ្ពស់ជាងគេបំផុត នៅលើសកលលោកនេះ ក៏ត្រូវជាខួបកំណើតទី ១៤៣ឆ្នាំ នៃលោក Patel ផងដែរ។ ដី ថ្ម ដែក និងទឹក ដែលត្រូវបានប្រើប្រាស់សម្រាប់កសាងរូបសំណាងដ៏ធំធេងនេះ គឺត្រូវបានប្រមូលយកពីគ្រប់ទិសទីនៅទូទាំងប្រទេសឥណ្ឌាតែម្តង ដើម្បីបង្ហាញពីការរួបរួមគ្នានៃជាតិសាសន៍ឥណ្ឌាតែមួយ និងតម្លៃមិនអាចកាត់ថ្លៃបាននៃរូបសំណាក។
គួរបញ្ជាក់ថា រូបសំណាកតំណាងការឯកភាពជាតិដែលមានកម្ពស់ ១៨២ម៉ែត្រ គិតពីដីឡើងទៅ និង ២៤ម៉ែត្រ គិតពីច្រាំងទន្លេណាម៉ាដា (Narmada) ត្រូវបញ្ចប់ការសាងសង់រួចហើយ ព្រមទាំងត្រូវបានប្រកាសសាងសង់ដោយលោក Modi កាលពីឆ្នាំ២០១៣ នៅពេលដែលលោកនៅជារដ្ឋមន្ត្រីនៅក្នុងរដ្ឋ Gujarat៕